រកឃើញជ័យលាភី នៃកម្មវិធីប្រកួតK-POP World Festival 2018 in Changwon វគ្គដំបូង
ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការប្រារព្ធកម្មវិធីប្រកួត K-POP World Festival 2018 in Changwon វគ្គដំបូងនៅក្នុងប្រទេសកម្ពុជា នៅក្នុងសាលពហុបំណង (Multi-Purpose Hall) នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅរាត្រីថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ ។
លោកស្រី ក្វន សូហ្យន លេខាទី២ នៃស្ថានទូតកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្រាប់កម្មវិធីនាឆ្នាំនេះ បានប្រារព្ធឡើងក្រោមការ គ្រប់គ្រង ដឹកនាំ និងឧបត្ថម្ភពីក្រុមហ៊ុន K’ve Entertainment ព្រមទាំងទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុន KHH (Khmer household & Health care), ក្រុមហ៊ុន JUN SKIN រួមជាមួយនឹងការសម្តែងស្វាគមន៍ បើកកម្មវិធីដ៏អស្ចារ្យ និងការរៀបចំឆាកសម្តែងយ៉ាងស្រស់ឆើតឆាយ ជួយញ៉ាំងឲ្យកម្មវិធីនេះ កាន់តែមានភាពអស្ចារ្យជាងឆ្នាំមុនៗ។
លោកស្រី លេខាទី២ នៃស្ថានទូតកូរ៉េ បានបញ្ជាក់ថា កម្មវិធីនេះ គឺជាកម្មវិធីប្រកួត K-POP World Festival 2018 in Changwon វគ្គដំបូងនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍KBS និងក្រសួងការបរទេសប្រទេសកូរ៉េ កម្មវិធីនេះត្រូវបានប្រារព្ធឡើង ដើម្បីធ្វើការជ្រើសរើសអ្នកតំណាង របស់ប្រទេសកម្ពុជា សម្រាប់ចូលរួមក្នុងកម្មវិធីប្រកួតធំវគ្គទី១ (ការវាយតម្លៃលើវីដេអូ) នៅ Changwon ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកគាំទ្រ K-POP ទូទាំងពិភពលោក។
សម្រាប់ក្នុងកម្មវិធីឆ្នាំនេះ មានបេក្ខជន បេក្ខនារី ក្រុមរាំ និងច្រៀងប្រហែល ៤០ក្រុម សរុបមានចំនួនប្រហែលជា១៣០នាក់ បានចុះឈ្មោះចូលរួមប្រកួត ក្នុងកម្មវិធីនេះ ហើយឆ្លងកាត់តាមរយៈការវាយតម្លៃ យើងបានធ្វើការជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន១៦ក្រុម (រាំ១១ក្រុម ច្រៀង៥ក្រុម) សរុបមានចំនួន៧៣នាក់ សម្រាប់ចូលរួមការប្រកួតសម្តែងក្នុងកម្មវិធីប្រកួតនាពេលនេះ។
លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុ ជាបានប្រសាសន៍ ដោយអំណរសាទរថា “ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលប្រជាប្រិយភាព K-POP នៅក្នុងប្រទេសកម្ពុជា កាន់តែកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំសង្ឃឹមថាកម្មវិធី K-POP World Festival ដែលត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជានេះ នឹងក្លាយទៅជាសកម្មភាពមួយ ដែលអាចជួយជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងយុវជនកម្ពុជា-កូរ៉េ”។
លោកស្រី ក្វន សូហ្យន បានបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមវាយតម្លៃ និងផ្តល់ពិន្ទុពីសំណាក់ គណៈកម្មការដ៏ជំនាញដូចជា លោក G-Daveth ជាតារាចម្រៀង និងជាម្ចាស់ជ័យលាភីក្នុងកម្មវិធី K-POP World Festival វគ្គដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥ លោក Taboi ជា VJ ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ MyTV ផលិតករ និងជាទូតសុច្ឆន្ទៈ ផ្សព្វផ្សាយ វប្បធម៌កូរ៉េ នៅកម្ពុជា លោក J-Pok ជាផលិតករតន្ត្រី និងជាអ្នកតំណាងរបស់ E Nation Record label ដែលនឹងធ្វើឲ្យការវាយតម្លៃក្នុងកម្មវិធីនេះ កាន់តែមានលក្ខណៈជំនាញ និងមានភាពសុក្រិត។
ក្រុមដែលទទួលជ័យលាភី (លេខ១) ក្នុងការប្រកួតចុងក្រោយ នឹងបានទទួលការប្រឹក្សាអំពី K’ve Entertainment ព្រមទាំងបានចូលរួមក្នុងកម្មវិធីប្រកួតធំវគ្គទី១ នៅ Changwon ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍KBS។
នៅក្នុងថ្ងៃបើកកម្មវិធីប្រកួត មានចែកជូននូវវត្ថុអនុស្សាវរីយ៍ ជូនចំពោះទស្សនិកជន ដែលបានចូលរួមឆ្លើយសំណួរស្ទង់មតិ ហើយយើងក៏មានរៀបចំស្តង់ ដាក់លក់អាហារកូរ៉េ គ្រឿងសម្អាងកូរ៉េ និងឧបករណ៍ប្រើប្រាស់ផលិត នៅប្រទេសជាច្រើនប្រភេទទៀត ក្នុងតម្លៃសមរម្យ ចាប់ពីម៉ោង១រសៀលតទៅ នៅខាងមុខសាលពហុបំណង (Multi-Purpose Hall) នៃអគារ CKCC នៅថ្ងៃសុក្រ ទី១៥ ខែមិថុនានេះ យើងអាចធ្វើការរីករាយ និងស្វែងយល់អំពីវប្បធម៌កូរ៉េ យ៉ាងចម្រុះបែប ក្នុងរយៈពេលពេញមួយថ្ងៃ។
ជ័យលាភី គឺ អ្នកឈ្នះរង្វាន់ធំ លេខ១ (Samsung Galaxy 9+) គឺក្រុម NT Crew អ្នកឈ្នះរង្វាន់ទី២ (Samsung 49inch LED TV) គឺក្រុម O-way, ELAZTIX-B អ្នកឈ្នះរង្វាន់ទី២ (គ្រឿងសំអាង JUNSKIN កូរ៉េ) គឺក្រុម Thavanny El, Nine Tail Fox
និងពានរង្វាន់ប្រជាប្រិយភាពចំនួន ៣ (បរិក្ខារៈកាដូសម្រាប់ងូតទឹក): Kheav Sodaroth, ELAZTIX-G, Emperor៕