អភិបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខកម្មកររោងចក្រ ដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍
ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១នេះ បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ និងបានអញ្ជើញដឹកនាំក្រុមការងារសាខា ចុះសួសុខទុកនិងនាំយកថវិកាមួយចំនួន ជូនដល់កម្មករ កម្មការិនីដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំនួន ៦ នាក់ មន្ទីរពេទ្យបង្អែកស្វាយទាប ចំនួន ៥ នាក់ មន្ទីរពេទ្យបង្អែក ជីភូចំនួន ៣៦ នាក់ និងនៅក្លីនិកបូពារ៍ក្រុងបាវិតចំនួន ១១ នាក់ ។
នៅក្នុងឱកាសនោះលោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសំដែងនូវការសោកស្តាយចំពោះហេតុការណ៍ ដែលបានកើតឡើងលើបងប្អូនកម្មករកម្មការិនី និងសូមជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយ នឹងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត ។
លោក ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ ដោយមិនរើសអើងឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយជាបន្តបន្ទាប់ទាន់ពេលវេលា នៅពេលដែលអ្នករងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ ។
សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោងប្រហែល ៦និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងលើរថយន្តដឹកកម្មករបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកម្មកររបួសធ្ងន់ស្រាល សរុបចំនួន ៥៨ នាក់ ធ្ងន់ ៧ នាក់ មធ្យម ៣នាក់ ស្រាល ៤៨ នាក់ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ៕