ក្រសួងព័ត៌មាន សម្រេចដកហូតអាជ្ញាប័ណ្ណ ពី លោក ព្រំ សាន – លោក ទេព វីរៈ – លោកស្រី ស៊ី សុភ័ក្ត្រ ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្នៃការពិត បង្កភាពច្របូកច្របល់
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចដកហូតអាជ្ញាប័ណ្ណ ពី លោក ព្រំ សាន – លោក ទេព វីរៈ – លោកស្រី ស៊ី សុភ័ក្ត្រ ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្នៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពាន យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ ៣០២ ព.ម.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោកស្រី ស៊ី សុភ័ក្ត្រ បើកដំណើរអាជីវកម្មគេហទំព័រឈ្មោះ សានព្រំព័ត៌មាន www.sanprumnews.com ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្នៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពាន យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។
ឯកឧត្តមរដ្ឋមន្ត្រី ក៏លុបប្រកាសលេខ២៨០ ព.ម.ប្រក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោក ទេព វីរៈ បើកដំណើរអាជីវកម្មគេហទំព័រឈ្មោះ បណ្តាញផ្សព្វផ្សាយ “www.live-daily.com” ដោយម្ចាស់ អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្នៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពាន យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។
ឯកឧត្តមខៀវ កាញារីទ្ធ ក៏សម្រេចលុបប្រកាសលេខ ០៥៨ ព.ម ប្រក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យលោក ព្រំ សាន បើកសមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា ដោយសមាគមនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅ ក្រសួងព័ត៌មាន។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍៕