ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ អាយុ ៦៩​ឆ្នាំ ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បាន​ស្លាប់ ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ នៅព្រៃវែង

56

 

​ខេត្តព្រៃវែង ៖ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ករណី​ស្លាប់​បុរស​ជនជាតិខ្មែរ អាយុ ៦៩​ឆ្នាំ នៅ​ខេត្តព្រៃវែង ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (Infarctus du Myocard)​។​

​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែមីនា​ឆ្នាំ​២០២១ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា
​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា យោងតាម​ការរាយការណ៍​ពី​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បានឱ្យដឹងថា បុរស​ជនជាតិខ្មែរ​អា​យុ ៦៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម​ឃុំ​ព្រែក​ខ្សាយ ខ​” ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩​និង​៤០​នាទី​ព្រឹក នៅក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង ដោយសារ​ជំងឺ​ស្ទះ​សរសៃ​បេះដូង (Infarctus du myocard)​។​

បុរស​វ័យ ៦៩​ឆ្នាំនេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ដោយសា​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដោយមាន​លទ្ធផល វិភាគ​ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមីនា​ឆ្នាំ​២០២១ ក្រោយពី​បាន​យក​វត្ថុ​សំណាក​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។​

ពេល​ចូល​មកដល់​មន្ទីរពេទ្យ​ខេត្ត​នេះ ក្រុមគ្រូពេទ្យ បាន​យកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​សុខភាព​គាត់ ហើយ​សភា​អ្នកជំងឺ​នៅពេលនោះ មិនមាន​ក្អក មិនមាន​ហត់ មិនមាន​ក្តៅខ្លួន តែ​ក្រុមគ្រូពេទ្យ​មានការ​កត់សម្គាល់​នូវ​សម្ពាធ​ឈាម​របស់​អ្នកជំងឺ​ឡើង​ខ្ពស់ ខុសធម្មតា ដែល​តាម​ការសាកសួរ​ឃើញថា បុរស​វ័យ ៦៩​ឆ្នាំ រូបនេះ ធ្លាប់បាន​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​ប្រចាំកាយ​របស់ខ្លួន​នៅ គ្លីនិក​ឯកជន​។

​នៅវេលា​ម៉ោង​ប្រហែលជា ២៣​និង​០០​នាទី​យប់​នៃ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ បាន​ទៅ​ពិនិត្យមើល​សុខ ភាព​គាត់​ម្តងទៀត ឃើញថា មាន​សភាព​ធម្មតា​។

​នៅវេលា​ព្រឹក​ម៉ោង​ប្រហែលជា​០៦​និង​០០​នាទី​នៃ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ បុរស​ខាងលើ បាន​ចេញមក​ធ្វើ​លំ​ហាត់ប្រាណ​អស់​ពេល​ជា​យូរ ហើយ​ក៏បាន​ចូលទៅ​សម្រាក​នៅក្នុង​បន្ទប់​របស់ខ្លួន​វិញ ដោយបាន​សម្រាន្ត​លង់លក់ រហូតដល់​អ្នកជំងឺ​កូ​វីដ -១៩​ម្នាក់ទៀត​ដែល​នៅ​សម្រាក​ជិត​នោះ ដាស់​គាត់​ឱ្យ​ពិសា​របាយ​ព្រឹក ក៏​ឃើញថា បុរស​វ័យ ៦៩​ឆ្នាំនេះ បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ បុរស​វ័យ ៦៩​ឆ្នាំ​ខាងលើនេះ គឺ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង (Infarctus du myocard) (​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​នោះឡើយ​)​។​

​ក្រសួងសុខាភិបាល សូម​ចូលរួម​សម្តែង​នូវ​ការសោកស្តាយ​ជា​អនេក និង​សូម​ចូលរួម​ចែករំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​សព​៕​

អត្ថបទដែលជាប់ទាក់ទង