ចាប់ចោរប្លន់ចំនួន៣នាក់ ក្នុងចំណោម១៦នាក់ កាប់ប្លន់យកម៉ូតូមួយគ្រឿង
ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្សពួកចំនួន១៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកទៅធ្វើការសាកសួរភ្លាមៗ បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះម្នាក់ បានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២១ ទល់មុខ ការ៉ាសាំងតូតាល់ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវកម្លាំងឃាត់ខ្លួន បានមានឈ្មោះ ១.ឈ្មោះ អៀង សុខហ៊ង ភេទប្រុសប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ២.ឈ្មោះ ប៉ុន ថារ៉ាវុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ៣.ឈ្មោះ ផា ដាវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សមត្ថកិច្ចដកហូត ម៉ូតូចំនួន២គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BU 5281 និងមួយគ្រឿងទៀតម៉ាក ស៊ុយស៊ុគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CS2886 ជារបស់ជនសង្ស័យ ។
ចំណែកជនរងគ្រោះមានឈ្មោះ លន់ សេងលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅផ្ទះជួល ម្តុំទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ របួសក្បាល ១កន្លែង និងមេដៃ១កន្លែង ហើយម៉ូតូដែលជនសង្ស័យប្លន់យកទៅម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ឆ្នាំ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1L7404 ជារបស់ជនរងគ្រោះ ។
លោក វរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះបាន គឺនៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះគាត់បានជិះម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ នៅអង្គុយលេង ជាមួយមិត្តភ័ក្ដិ នៅកន្លែងកើតហេតុ ហើយពេលនោះដែរ ក៏ស្រាប់តែមានក្រុមជនសង្ស័យមានគ្នា ចំនួន១៦នាក់ បានជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត បានមកធ្វើសកម្មភាព កាប់ទៅជនរងគ្រោះ បណ្តាលឲ្យរងរបួស ហើយយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនតែម្តង ។
លោកនាយប៉ុស្តិ៍ក៏បានឲ្យដឹងទៀតថា ភ្លាមនោះដែរ នៅពេលដែលជនសង្ស័យ ធ្វើសកម្មភាពហើយ ក៏ប្រទះជាមួយនិងកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានធ្វើការជិះដេញតាម រហូតដល់ដល់មុខបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ រួមទាំងម៉ូតូ២គ្រឿង នាំខ្លួនយកទៅធ្វើការ សាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្តង ។ រីឯបក្សពួកជនសង្ស័យចំនួន១៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោលអស់ ដោយយកទាំងម៉ូតូរបស់ជនរងគ្រោះ ទៅជាមួយផងដែរ ។
ក្រោយពេលសាកសួររួចហើយ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕