ក្រុមកីឡាប្រដាល់ឃីកបុកស៊ីង ហ្វឹកហាត់ជាប្រចាំ ត្រៀមSEA GAMES 2021 នៅវៀតណាម
ភ្នំពេញ៖កីឡាប្រដាល់ឃីកបុកស៊ីងស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលក្នុងចំណោមកីឡាទំាង១៤ប្រភេទរបស់ប្រទេសកម្ពុជាសម្រាប់ការដណ្តើមមេដាយជូនជាតិនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោក ហេង សុខនបានមានប្រសាសន៍តាមសាអេឡិត្រូនិចថា សហព័ន្ធបានត្រៀមកម្លាំងរួចជាស្រាចសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាមដើម្បីដណ្តើមមេដាយជូនជាតិ។ ក្នុងនោះសហព័ន្ធត្រៀមកីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាង១០នាក់សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ និងត្រៀម SEA GAMES 2021។ ប្រភេទកីឡាប្រដាល់ឃីកបុកស៊ីងនេះគឺជាប្រភេទកីឡាមានប្រជាប្រិយភាពខ្លាំងគួរសមដោយសារតែការប្រកួតកីឡា SEA GAMES 2017 និង២០១៩ កន្លងមកធ្លាប់ទទួលមេដាយជាច្រើនគ្រឿងជូនប្រទេសជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និង SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក៏សង្ឃឹមទទួលបានមេដាយជាច្រើនដូចគ្នា។
លោកប្រធានបន្តថា សព្វថ្ងៃនេះធ្វើហ្វឹកហាត់ជាប្រចាំនៅក្លិបកីឡាកីឡាប្រដាល់ឃីកបុកស៊ីងនៅស្តាតចាស់ដោយស្ថិតក្រោមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា មុនចូលហ្វឹកហាត់ត្រូវវាស់កម្តៅ បាញ់អាល់កុល និងការរក្សាយគម្លាតដោយការប្រុងប្រយ័ត្នជានិច្ច។ នាពេលបច្ចុប្បន្នយើងមានគ្រូបង្វឹក៣នាក់ដូច្នេះលោកកំពុងធ្វើលិខិតស្នើសុំថែមគ្រូបង្វឹកម្នាក់ទៀត គឺលោក សាន សៅយ៉ាន់ ជាអតីតកីឡាករជើងខ្លាំងប្រដាល់គុនខ្មែរមួយរូប។
ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសទទួលគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាអាណត្តិទី១ ឆ្នាំ២០២០-២០២៤យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2021 និង SEA GAMES 2023។
សម្រាប់អាណត្តិទី១គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាមានចំនួន៩រូប គឺលោក ហេង សុខន ជាប្រធាន លោក ម៉ិល កាដូ លោក ប៉ែន ស៊ីនេត អនុប្រធាន លោកស្រី កែ ច័ន្ទមុនី អគ្គលេខាធិការ លោក ផែង វណ្ណៈ អគ្គលេខាធិការរង លោក តែម សុខវឌ្ឍនា អគ្គហេរញ្ញឹក លោក ម៉ន សុខុន លោក ស៊ិន ចាន់វិច្ឆិកា និងលោក ជ្រា សុភ័ក្ត្រជាសមាជិក៕