ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េផ្តល់ ហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤

48

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន លោក Nick Beresford អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP)និង លោក Rho Hyunjun នាយកប្រចាំប្រទេសនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា (KOICA) បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីតាមប្រព័ន្ធវីដេអូលើការប្រគល់-ទទួលហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារសហរដ្ឋអាមេរិករបស់សាធារណៈរដ្ឋកូរ៉េ ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR IV) សម្រាប់រយៈពេល៥ឆ្នាំ (២០២១ ដល់ ២០២៥) ដើម្បីគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរួមគ្នា ជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងលើកំណត់ត្រានៃកិច្ចពិភាក្សាជាមួយនឹងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្រាប់អនុវត្តគម្រោង បោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី ៤៖ សកម្មភាពបោសសម្អាតមីនដើម្បីការអភិវឌ្ឍមនុស្ស (CfRIV)។

គម្រោង CfRIV រយៈពេល ៦ ឆ្នាំ អនុវត្តដោយអាជ្ញាធរមីន ជាមួយនឹងការគាំទ្រផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេសពី UNDP នេះផ្ដោតលើការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បង្កើនការផ្ដល់ជំនួយដល់ជនរងគ្រោះ និងការអប់រំគ្រោះថ្នាក់អំពីមីន ការពិនិត្យតាមដាននិងវាយតម្លៃ និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន។

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA បានផ្ដល់ថិវកា ១០ លានដុល្លារអាមេរិក ដល់វិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោង CfRIV នេះគិតចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ គម្រោងនេះក៏ទទួលបានថវិកាគាំទ្រពីប្រទេសអូស្ត្រាលី នូវែលសេឡង់ UNDP និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

វត្តមាននៃគ្រាន់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បន្តនាំឱ្យមានការបាត់បង់អាយុជីវិត ការរងរបួស និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ ក្លាយជាជនមានពិការភាព នៅតាមតំបន់ជនបទនៅកម្ពុជា និងបានបង្កជាឧបសគ្គដ៏ធំមួយដល់ការពង្រីកការងារអភិវឌ្ឍន៍ផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដោយយល់ច្បាស់ពីសារៈសំខាន់នៃផ្ទៃដីដែលមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍ កម្ពុជាបានអនុម័តគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី ១៨ បន្ថែមមួយទៀត នោះគឺគោលដៅបញ្ចប់ផលប៉ះពាល់អវិជ្ជមាន បង្កឡើងដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនការផ្ដល់ជំនួយដល់ជនរងគ្រោះ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១អាជ្ញាធរមីន មានប្រសាសន៍ថា «វត្តមាននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ បង្កទុក្ខលំបាកដល់សហគមន៍ដែលរងផលប៉ះពាល់ និងកាន់តែធ្វើឱ្យមានជនរងគ្រោះ និងអ្នកដែលរស់រានជីវិតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងការជួបប្រទះនឹងបញ្ហាអសន្តិសុខស្បៀង ការខ្វះទឹកស្អាត ពុំមានលំនៅដ្ឋានសមរម្យ ព្រមទាំងពុំមានដីសុវត្ថិភាពសម្រាប់ដាំដុះ និងកសាងប្រព័ន្ធធារាសាស្ត្រ ការកសាងផ្លូវថ្នល់ ការប្រកបរបរទទួលទាន និងការកសាងមជ្ឈមណ្ឌលសហគមន៍នានា ដូចជា ទីផ្សារ សាលារៀន មណ្ឌលសុខភាព ជាដើម។

ជំនួយដែលផ្ដល់ដោយសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA នេះ នឹងបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបចំពោះផលប៉ះពាល់អវិជ្ជមានទាំងនេះ។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ និងប្រជាពលរដ្ឋកូរ៉េ ដែលបានផ្ដល់នូវជំនួយក្នុងកាយវិការដ៏ថ្លៃថ្លានេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះដៃគូអភិវឌ្ឍន៍ដទៃទៀត ដូចជា ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ ន័រវ៉េ កាណាដា បារាំង ប៊ែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ នូវែលសេឡង់ ស្វីស ស៊ុយអ៊ែត ចិន និងអង្គការសហប្រជាជាតិ ដែលផ្ដល់ការគាំទ្រដល់វិស័យសកម្មភាពបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩២ មក។»

UNDP គឺជាដៃគូដ៏សកម្មរបស់រដ្ឋាភិបាលកម្ពុជាក្នុងវិស័យសកម្មភាពមីន ចាប់តាំងពីឆ្នាំ ២០០៦ មក។ តាមរយៈការគាំទ្រនេះ ផ្ទៃដីសរុបចំនួន ២៥៥,៦ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះពីគ្រាប់មីន និងផ្ដល់ទៅឱ្យសហគមន៍ដែលរងផលប៉ះពាល់ដើម្បីប្រើប្រាស់សម្រាប់ការងារផលិតកម្មរបស់ពួកគេ។ វាបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១ លាននាក់ ដែលកំពុងរស់នៅតាមសហគមន៍ជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងជាសមូហភាពប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ គឺជាអ្វីដែលចាំបាច់ត្រូវមាន ដើម្បីជំរុញឱ្យវឌ្ឍនភាពនេះបន្តដំណើរទៅមុខទៀត និងឈានទៅសម្រេចចំណុចដៅរបស់កម្ពុជានោះគឺ «កម្ពុជាគ្មានគ្រាប់មីន» ត្រឹមឆ្នាំ ២០២៥។

ជាមួយការគាំទ្រពី KOICA គម្រោង CfRIV នឹងបង្កើនសកម្មភាពបន្ថែមទៀត ដូចជា ការបោសសម្អាតមីន ការអប់រំអំពីគ្រោះថ្នាក់នៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងការផ្ដល់ជំនួយដល់ជនរងគ្រោះ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងឆ្នាំ ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត។ នេះរួមមានការរៀបចំសកម្មភាពបែបទំនើប ដែលឆ្លើយតបចំពោះតម្រូវការ និងអាចធានាបាននូវនិរន្តរភាព ដើម្បីផ្ដល់ជំនួយដល់ជនរងគ្រោះនៅក្នុងតំបន់ដែលមានតម្រូវការចាំបាច់ជាងគេនៅកម្ពុជា តាមរយៈការឆ្លើយតបជាលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងសសរស្ដម្ភ ចំនួន៤៖ ការឆ្លើយតបនិងការផ្ដល់ការព្យាបាលបន្ទាន់ ការស្ដារលទ្ធភាពពលកម្មកាយសម្បទា និងការព្យាបាល បរិយាបន្នសង្គម សេដ្ឋកិច្ច និងការអប់រំអំពីគ្រោះថ្នាក់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ។

លោក Nick Beresford តំណាង UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «សាធារណរដ្ឋកូរ៉េ គឺជាអ្នកផ្ដល់ជំនួយជាយូរមកហើយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។ ថ្ងៃនេះ យើងបានមើលឃើញនូវការបន្តការគាំទ្រនេះ តាមរយៈការសន្យាផ្ដល់ថវិកាចំនួន ១០ លានដុល្លារអាមេរិក សម្រាប់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ការចូលរួមបដិភាគថ្មីបន្ថែមទៀតរបស់សាធារណរដ្ឋកូរ៉េ ដល់កម្មវិធីបោសសម្អាតមីនដើម្បីលទ្ធផល តាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយ UNDP គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភូមិសន្តិភាពមេគង្គ ដែលជួយកម្ពុជាក្នុងការបោសសម្អាតមីន ការផ្ដល់ជំនួយដល់ជនរងគ្រោះ និងការអប់រំគ្រោះថ្នាក់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ។ សកម្មភាពទាំងនេះជួយសង្គ្រោះជីវិត ការពារសហគមន៍ និងគាំទ្រដល់ការលើកកម្ពស់វិបុលភាពសម្រាប់សហគមន៍កសិករនៅជនបទ។»

លោក Rho Hyunjun នាយក KOICA ប្រចាំកម្ពុជា មានប្រសាសន៍ថា «នេះគឺជាឆ្នាំមួយប្រកបដោយអត្ថន័យថ្លៃថ្លាបំផុត ដែលសាធារណរដ្ឋកូរ៉េ ក្លាយជាអ្នកផ្ដល់ជំនួយថ្មីនៅក្នុងវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ ថវិកាដែលបានពី KOICA និងអ្នកផ្ដល់ជំនួយដទៃទៀតនឹងជួយពង្រីកផ្ទៃដីដែលបានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ធ្វើឱ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានសុវត្ថិភាព និងផ្ដល់ដីសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ការស្ដារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញពីជំងឺកូវីដ-១៩។»

តាមរយៈគម្រោង CfRIV UNDP និងដៃគូគម្រោងនានា នៅតែបន្តប្ដេជ្ញាជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចគោលដៅ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគ្មានមីនត្រឹមឆ្នាំ ២០២៥ ដើម្បីឱ្យប្រជាពលរដ្ឋ និងសហគមន៍អាចរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព ដែលនឹងជួយគាំទ្រដល់ការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយពុំមាននរណាម្នាក់ត្រូវបានទុកចោល មានការគោរពសិទ្ធិមនុស្ស និងមានការឆ្លើយតបចំពោះតម្រូវការជនរងគ្រោះ និងធ្វើឱ្យជនរងគ្រោះក្លាយជាសមាជិកស្មើមុខស្មើមាត់ជាមួយនឹងប្រជាពលរដ្ឋដទៃទៀតនៅក្នុងសង្គម។

អត្ថបទដែលជាប់ទាក់ទង