ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​អ្នក​ប៉ះពាល់​ជាមួយ​បុគ្គល កក្កដា សោ​ភ័​ណ្ឌ មាន​ជំងឺ​កូ​វីដ​-១៩​ជិត​៤០០​នាក់ , អាជ្ញាធរ​ខេត្តតាកែវ សម្រេច​បិទ​ភូមិ

139

 

​តាកែវ ៖ បន្ទាប់ពី​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ម្នាក់​ឈ្មោះ កក្កដា សោ​ភ័​ណ្ឌ បានមក​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​អ្នកភូមិ​កាលពី​ថ្ងៃទី​១១ ខែមីនា លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ខេត្តតាកែវ បាន​ថ្លែង​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​សម្រេច​បិទ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ទាំងមូល​មិនឱ្យ​មានការ​ចេញចូល​នោះទេ ។​

​លោក កេ​ត ម៉ៅ បាន​បញ្ជាក់ថា​៖ អាជ្ញាធរ​សម្រេច​បិទ​ភូមិ​ទាំងមូល មិនឱ្យ​មានការ​ចេញចូល​ជា​បណ្ដោះអាសន្ន ហើយ​ចំពោះ​មនុស្ស​ចំនួន​២៥​នាក់ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​មន្ត្រី​សុខាភិបាល​យក​សំណាក​ទៅពិនិត្យ​រក​ជំងឺ​កូ​វីដ​-១៩ និង​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​ផងដែរ ដោយឡែក​សម្រាប់​អ្នក​ប៉ះពាល់ ដោយ​ប្រយោល​មាន​ចំនួន​ជាង ៣៥៥​នាក់ ក៏​ត្រូវបាន​អាជ្ញាធរ​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។​

លោក​អភិបាលស្រុក​សំរោង បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន ឱ្យធ្វើ​ការណែនាំ​ដល់​បងប្អូន​កម្មករ កម្ម​ការ​រិ​នី​រោងចក្រ​មួយចំនួន ដែល​បាន​ចូលរួម​ក្នុង​ពិធីមង្គលការ ដែល​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវ​ផ្អាក​ចេញទៅ​ធ្វើការ​ពោល គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ជៀសវាង​ទៅធ្វើ​ការ ដែលនាំឱ្យ​មានការ​ឆ្លង​រីក​រាលដាល នៅក្នុង​រោងចក្រ​ដែល​ខ្លួន​ធ្វើការ​។​

អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​នេះ បាន​ចុះ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​សំរោង និង​ស្រុក​បាទី ដែលមាន​មនុស្ស​ប៉ះពាល់​ផ្ទាល់ និង​ដោយ​ប្រយោល ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បាន​ចូលរួម​ពិធីមង្គលការ​នៅក្នុង​ស្រុក​សំរោង ដោយបាន​បញ្ជា​ដល់​អាជ្ញាធរ​ស្រុក​ឱ្យ​បិទ​ជា​បណ្ដោះអាសន្ន នៅ​ទីតាំង​មួយចំនួន​ដែល​អ្នកជំងឺ​កូ​វីដ​-១៩ បានធ្វើ​ដំណើរ​ទៅលេង​មុននឹង​ចូលរួម នៅក្នុង​ពិធីមង្គលការ ដោយ​ជៀសវាង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​អាជ្ញាធរ​ត្រូវធ្វើ​ការស្រាវជ្រាវ ឱ្យបាន​ច្បាស់លាស់​ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់ ដើម្បី​យក​សំណាក​ពួកគេ ទៅធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ និង​ត្រូវ​ណែនាំ​ឱ្យ​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យ​គ្រប់​ចំនួន​១៤​ថ្ងៃ​។​

​គួរ​បញ្ជាក់ថា បុគ្គល កក្កដា សុ​ភ័​ណ្ឌ នា​ថ្ងៃទី​១៤ ខែមីនា បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា មាន «​វិជ្ជមាន​កូ​វីដ​១៩»​។ កាលពី​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ បុគ្គល កក្ដ​ដា សោ​ភ័​ណ្ឌ បានមក​ចូលរួម​ពិធីមង្គលការ​មិត្តភក្តិ របស់ខ្លួន​នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ដែល​ពិធី​បង្គ​ល​ការ​នេះ មាន​អ្នកចូលរួម​ប្រមាណ ៣០០​នាក់​៕

អត្ថបទដែលជាប់ទាក់ទង