មានប្រជាពលរដ្ឋជាច្រើន បានទទួលការតេចូល ពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូច
ភ្នំពេញ ៖ នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថាមានប្រជាពលរដ្ឋយើងជាច្រើន បានទទួលការតេចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូលហើយ ដាក់ចុះវិញភ្លាមៗ។
តាមការស្រាវជ្រាវបឋម នាយកដ្ឋានរកឃើញថានេះជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ call back ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ។
ជាមួយការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួនតេទៅលេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ ហើយទឹកប្រាក់និងត្រូវបានកាត់យកពីគណនីទូរសព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់កុំតេទៅលេខក្រៅប្រទេសដែលលោកអ្នកមិនស្គាល់ ហើយជាពិសេសប្រសិនបើបងប្អូនទទួលបានសារ មានដូចជា ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារ សូមបងប្អូនកុំធ្វើការឆ្លើយតបព្រោះនេះគឺជាការបោកបញ្ឆោតរបស់ក្រុមក្រុមជនខិលខូចតែប៉ុណ្ណោះ៕