ប្រើពូថៅនិងកាំបិត ដេញកាប់បំផ្លាញម៉ូតូចំនួន០៣គ្រឿង សំណាងដែលម្ចាស់រត់គេចរួច តែទីបំផុតត្រូវឃាត់ខ្លួនបានចំនួន០៦នាក់បញ្ជូនទៅតុលាការ
បាត់ដំបង ៖ កាលពីថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីនៅចំណុចលើផ្លូវហាយវេ ស្ថិតនៅភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំធ្វើការឃាត់ខ្លួនក្រុមក្មេងបង្កហិង្សាកាប់បំផ្លាញម៉ូតូតាមដងផ្លូវបានចំនួន០៦នាក់ស្រាវជ្រាវនិងអនុវត្តតាមផ្លូវច្បាប់។
សូមជម្រាបជូនថាកាលពីថ្ងៃទី០១ខែមីនា ឆ្នាំ២០២១វេលាម៉ោង១៤និង២០នាទីនៅចំណុចបុរីត្នោតជួរ ក្រុម១៦ ភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនា(កាប់បំផ្លាញម៉ូតូ) មួយកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់ឈ្មោះ មានគ្នាប្រហែល១៥នាក់ បានធ្វើសកម្មភាពដោយយកកំបិត និងពូថៅដេញកាប់ទៅជនរងគ្រោះដែលកំពុងជិះម៉ូតូលើដងផ្លូវតែដោយសារជនរងគ្រោះរត់គេចខ្លួនផុត នៅសល់តែម៉ូតូទើបក្រុមជនសង្ស័យកាប់បំផ្លាញម៉ូតូនោះចំនួន០៣គ្រឿង ដែលជារបស់ជនរងគ្រោះគឺ៖
១-ឈ្មោះ ថាន់ រ័ត្ន ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង(ជាឪពុកជនរងគ្រោះនិងជាដើមបណ្តឹង)។
២-ឈ្មោះ លី ហៀង ភេទប្រុស អា យុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។
៣-ឈ្មោះ យ៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំ បង។
នៅក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសង្កែ ឱ្យចាត់វិធានការតាមច្បាប់ចំពោះមុខសញ្ញានេះ ហើយផ្តើមពីបញ្ហានេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់ បានពីមុខសញ្ញានេះ រហូតឈានទៅធ្វើការឃាត់ខ្លួនស្រាវជ្រាវ។
នៅចំពោះមុខសមត្ថកិច្ចក្រុមយុវជនទាំង០៦នាក់នេះបានឆ្លើយសារ ភាពថា ពួគេមានគ្នាចំនួន១៥នាក់ ប្រដាប់ដោយ ពូថៅ និងកាំបិត បានធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនខាងលើ កាលពីថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២១ ប៉ុន្តែដោយសារយុវជនទាំងនោះរត់គេចផុតនៅសល់តែម៉ូតូទើបក្រុមខ្លួនបានកាប់បំផ្លាញម៉ូតូទាំង០៣គ្រឿងនោះតែម្តង។
មូលហេតុដែលពួកខ្លួនវាយបំផ្លាញម៉ូតូនេះដោយសារកន្លងទៅពួកខ្លួននិងក្រុមខាងម្ចាស់ម៉ូតូធ្លាប់បានឌឺដងដាក់គ្នាតាមដងផ្លូវ ដែលការឌឺដងនេះបានផ្តើមទៅជាកំហឹង ហើយនៅថ្ងៃកើតហេតុក្រុមខ្លួនក៏ដោះ ស្រាយកំហឹងតាមបែបនេះតែម្តងទៅ ។
ជនសង្ស័យទាំង០៦នាក់ខាងលើនគរបាលស្រុកបានកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕