ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាង​អចិន្ត្រៃយ៍​កម្ពុជា ថ្លែង​បទ​អន្តរាគមន៍​ក្នុង​កិច្ចពិភាក្សា​ទូ​ទៅលើ​របៀបវារៈ​ទី​៥ ស្ដីពី “​យន្តការ និង​ស្ថាប័ន​សិទ្ធិមនុស្ស​”

37

 

​ហ្សឺ​ណែវ ៖ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា អាន សុខ​ខឿន បាន​ចូលរួម​ឡើង​ថ្លែង​បទ​អន្តរាគមន៍​ក្នុង​កិច្ចពិភាក្សា​ទូ​ទៅលើ​របៀបវារៈ​ទី​៥ ស្ដីពី “​យន្តការ និង​ស្ថាប័ន​សិទ្ធិមនុស្ស​” នា​សម័យប្រជុំ​លើក​ទី​៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។​

​ឯកអគ្គរាជទូត បាន​ថ្លែងថា គណៈប្រតិភូ​យើងខ្ញុំ​សូម​ចូលរួម​គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន ក្នុងការ​គូសបញ្ជាក់​អំ​ពី ភាពចាំបាច់​កែលម្អ​ការងារ​របស់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស ដោយ​ផ្តោតលើ​វិជ្ជាជីវៈ គណនេយ្យភាព និង​ទំនួល​ខុសត្រូវ ប្រកបដោយ​ភាពស្មោះត្រង់​។​

​រយៈពេល​ជិត ៣ ទសវត្សរ៍ កន្លងមកនេះ កម្ពុជា​បានទទួល​យក​អ្នករាយការណ៍​ពិសេស​ប្រចាំ ប្រទេស​ចំនួន ៦ រូប ដែល​អាណត្តិ​ពួកគាត់​ត្រូវបាន​បន្ត តាមរយៈ​សេចក្តីសម្រេចចិត្ត អនុម័ត ដោយ​កុងសង់ស៊ីស ហើយ​រាល់​សំណើសុំ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កម្ពុជា​ក៏​ទទួល​បានការ យល់ព្រម​ពី​រាជរដ្ឋាភិបាល​ដែរ​។ ប្រការ​ទាំងនេះ​បង្ហាញឱ្យឃើញ​ច្បាស់​ពី​ការចូលរួម ដោយ​បើក ចំហ និង​ស្ថាបនា​របស់​កម្ពុជា ជាមួយនឹង​យន្តការ​នេះ​។​

​កិច្ចសហប្រតិបត្តិការ គឺជា​ដំណើរការ​ទៅវិញទៅមក ដែល​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស ដូចគ្នា​ដែរ ត្រូវបំពេញ​តួនាទី​របស់ខ្លួន ប្រកបដោយ​ភាព​សត្យានុម័ត មិន​លម្អៀង មិន​ជ្រើស​តែ មួយ​ជ្រុង និង​មិន​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​។

​ក្នុងន័យនេះ ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ ទទួលបាន​ប្រសិទ្ធភាព​ពិតប្រាកដ អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស គួរ​៖

​ទី​១៖ បំពេញភារកិច្ច​របស់​ខ្លួន​ដោយ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ “​ក្រមសីលធម៌​” និង “​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​នីតិវិធី​ពិសេសៗ ដែល​គូសបញ្ជាក់ ពី​សារៈសំខាន់​នៃ ការប្រមូល​ព័ត៌មាន​ពិត ចេញពី​ប្រភព​ដែល​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​។ អ្នក​កាន់​អាណត្តិ នីតិវិធី​ពិសេស​ត្រូវ​ចៀសវាង​ការ​សន្មត​ថា​មាន​កំហុស​ទុកជាមុន និង​ការប្រញាប់​ប្រញាល់​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ពុំបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យបាន ត្រឹមត្រូវ ជាមួយ​ប្រភព​រដ្ឋាភិបាល ជាមុន​។​

​ទី​២៖ ជួយ​ដល់​រដ្ឋ​ក្នុង​វិស័យ​សិទ្ធិមនុស្ស តាមរយៈ​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ ពិតប្រាកដ ដោយ​ត្រូវ​ពិចារណា​អំពី​បរិបទ​ដោយឡែក​របស់​ប្រទេស​នីមួយៗ និង​មិន ត្រូវ​ដើរតួ​ជា​ចៅក្រម​កាត់សេចក្តី នៅពេល​ធ្វើ​សេចក្តីរាយការណ៍​និង​ការសន្និដ្ឋាន​ឡើយ​។

​ទី​៣៖ ផ្តល់​ការប្រឹក្សា​យោបល់​លើ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស និង​ជំនួយ​កសាង សមត្ថភាព តាម​ការស្នើសុំ​របស់រ​ដ្ឋ ដើម្បី​ដោះស្រាយ​ឬ​សគល់​នៃ​បញ្ហា​ប្រឈម ជាជាង ពិនិត្យមើល​លើ​តែ​អាកា​រៈ​ខាងក្រៅ​នោះឡើយ​។​

​ទី​៤. ចុងបញ្ចប់ មានតែ​ការយកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ពិធីសារ​ខាងលើ​ប៉ុណ្ណោះ​ទេ ទើប​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស អាច​ទទួលបាន​នូវ​ការជឿទុកចិត្ត​ពី​បណ្តា​រដ្ឋ​ទាំងអស់​៕

អត្ថបទដែលជាប់ទាក់ទង