ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិន័យអន្តរការណ៍រថយន្ត១គ្រឿង បើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត

32

ព្រះសីហនុ ៖ មានរថយន្ត១គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍ នារសៀលថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ ២០២១។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖

ឈ្មោះ ណុះ ឌត ភេទប្រុស អាយុ៤៨ឆ្នាំ បើកបររថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0453 បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០.- បទមិនគោរពវិធានការរដ្ឋបាល ។

-ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

-ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយខែ)ទៅ៣(បី) ឆ្នាំនិងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

-ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំទៅ ៥(ប្រាំ)ឆ្នាំនិងពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង