មន្ទីរកសិកម្មខេត្តសៀមរាប ត្រៀមអន្តរាគមន៍បូមទឹកជួយសង្គ្រោះតំបន់អភិរក្សបឹងពារាំងជំរកត្រីនិង សត្វព្រៃដ៏កម្រ
សៀមរាប៖ មន្ទីរកសិកម្មខេត្តសៀមរាប ត្រៀមអន្តរាគមន៍បូមទឹកចូលទៅក្នុងតំបន់អភិរក្សត្រីមេពូជ បឹងពារាំងនិងជាជំរកសត្វព្រៃគ្រប់ប្រភេទ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែល បានរងការគំរាមកំហែងដោយភាពរីងហួត នឹងធ្វើឱ្យប៉ះពាល់ដល់ហ្វូងត្រីជាច្រើនប្រភេទ។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង បានឱ្យដឹងនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២១ថា៖ ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យ បឹងពារាំងរងការគំរាមកំហែង និងការរីងហួត ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ហ្វូងត្រីជាច្រើនប្រភេទ សុទ្ធសឹងតែជាត្រីមេពូជ សម្រាប់ការងារអភិរក្ស។
លោកបន្តថា៖ ពពួកត្រីចម្រុះតាមការប៉ាន់ស្មាន របស់អ្នកជំនាញ មានប្រមាណជាង១០០០តោន ដែលកំពុងអាស្រ័យនៅ ដូច្នេះបើសិនមិនមានវិធាន ការអន្តរាគមន៍ដើម្បីបូមទឹកចូលទេ ធនធានមច្ឆជាតិទាំងនោះនឹងត្រូវ បាត់បង់ជាមិនខាន។
បើមិនមានវិធានការជាក់លាក់ទេអាចក្នុងអំឡុងចុងខែ៤និងដើមខែ៥នេះអាចងាប់ត្រីមេពូជទី១យើងប្រឈមនឹង កង្វះទឹក ដើម្បីជួយបំពេញបន្ថែមដើម្បីបានទីវាលធំ ឱ្យត្រីតូចគេចពីត្រីធំ កាលណាចេះតែរីងស្ងួតអ៊ីចឹងទៅកន្លែងទំនាបដែលនៅសល់២តឹក ត្រីតូចប្រឈមនឹងត្រីធំដេញចាប់យកជាចំណី ទី២ប្រឈមជាមួយសត្វ ដេញទន្រ្ទានស៊ី ទោះបីយើង ដាក់សម្រាស់ក៏ដោយ ត្រីធំក៏ប្រឈមជាមួយនឹងភេ ដែលមានជាង១០០ក្បាល បើតាមទិន្ន័យផ្នែកអភិរក្សដែលគេថតបាន ឥឡូវយើងបានទឹកសំណល់សល់ពីស្រែប្រជាពលរដ្ឋគាត់ប្រមូលផលរួច យើងកៀរគរយកទឹកពីស្រែពួកគាត់បញ្ជូលមកបឹង។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តសៀមរាប បានប្រាប់អ្នកយក ព័ត៌មានវិទ្យុជាតិកម្ពុជាថា ជាដំណោះស្រាយចំពោះមុខក្រុមការងារជំនាញបានត្រៀមរួចរាល់ហើយ សម្រាប់ការងារបូមទឹក ពីទន្លេសាប ឬស្នើសុំការអន្តរាគមន៍ពីអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហូរទឹកពីតំបន់ខាងលើ ចូលមកក្នុងតំបន់អភិរក្សពូជត្រីសង្រ្គោះប្រភេទត្រីមេពូជដ៏កម្រ ឱ្យរួចផុតពីហានិភ័យ។
លោកបន្តថា មន្ទីរកសិកម្មទទួលបានគោលការណ៍ពីថ្នាក់ជាតិ និង ថ្នាក់ខេត្ត ក្នុងការជីកស្តារបឹងពារាំងឡើងវិញ តែយ៉ាងណាបញ្ហានេះត្រូវរង់ចាំការសម្រចបង្កើតគណៈកម្មការអន្តរមន្ទីរ ដើម្បីឱ្យការជីកស្តារបឹងស្របតាមគោលការណ៍បច្ចេកទេសពីក្រុមការងារជំនាញ។
ក្នុងករណីជីកមិនទាន់ហ្នឹងខ្ញុំបានឱ្យប្រធានសហគមន៍ធ្វើសំណើមកខ្ញុំផ្ទាល់មក ដើម្បីសុំបូមទឹកពីទន្លេបណ្តោះអាសន្នចូលសិន យើងបានត្រៀមលក្ខណៈ ច្រើនរួចរាល់ហើយ មិនអីទេ បើសិនក្នុងករណីចាំបាច់ខ្លាំង យើងស្នើសុំឯកឧត្តម អភិបាល ដើម្បីអន្តរាគមន៍ ទៅអាជ្ញាធរជាតិអប្សរា ដើម្បីស្នើសុំបើកទឹកពីខាងលើទៅ ហូរចូលទៅដែរ យើងមានប្រព័ន្ធទឹក២ដែរ។ការជីកហ្នឹងយើងត្រូវបង្កើតគណៈកម្មការព្រោះជីកទំហំធំ មិនអាចធ្វើតែឯងបានទេ ព្រោះតំបន់ទាំងនោះជាតំបន់ ហាមឃាត់ កាលណាដាក់គ្រឿងចក្រចូលទៅមិនស្រួលអត់បានទេ យើងត្រូវប្រុងប្រយ័ត្ន និងធ្វើទៅតាមបច្ចេកទេសរបស់ ជំនាញជលផល និងមន្ទីរកសិកម្មដែរ ។
សូមបញ្ជាក់ថា៖ បឹងពារាំងមានទីតាំង ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានចម្ងាយប្រមាណតែ១៣គីឡូម៉ែត្រ ពីក្រុងសៀមរាប។បឹងពារាំង គឺជាតំបន់សហគមន៍អភិរក្សជីវចម្រុះ ដោយមានការការពារត្រីមេពូជការពារព្រៃលិចទឹក តំបន់នោះមានទំហំផ្ទៃដីអភិរក្សប្រមាណជាង៣.០០០ហិកតាបានទាក់ទាញ ប្រភេទសត្វស្លាបទឹក១៦0ប្រភេទ មករកចំណីនៅទីនេះ៕ សំរិត