សប្បុរសជនបន្តផ្តល់ថវិកា ម៉ាសនិងទឹកបរិសុទ្ធជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
ភ្នំពេញ៖ ថវិកាចំនួន៤០លានរៀល ម៉ាស៥ម៉ឺនម៉ាសនិងទឹកបរិសុទ្ធជាង១ម៉ឺនដប ត្រូវបានក្រុមហ៊ុនឯកជនមួយ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
អំណោយដែលលោកឃួង ស្រេង ទទួលពីសប្បុរសជនខាងលើនេះរួមមាន ថវិកាចំនួន៤០លានរៀល ម៉ាស៥ម៉ឺនម៉ាសនិងទឹកបរិសុទ្ធចំនួន១២០០០ដប ។
ក្នុងឱកាសនោះលោកឃួង ស្រេងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ–១៩ថ្មី ចំនួន៣៧នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងសរុប ១៥៧៨នាក់ ។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន១០៦២នាក់ ។ ចំនួនអ្នកជាសះស្បើយ ៩១៧នាក់។
ចំនួនអ្នកកំពុងសម្រាកព្យាបាល ៦៥៨នាក់និងបានស្លាប់ចំនួន ១នាក់ ៕