ស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ បិទអាជីវកម្មក្លិបហាត់ប្រាណ Fit Zone
ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ បានស្នើឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បិទអាជីវកម្មក្លិបហាត់ប្រាណ Fit Zone នៅផ្លូវលេខ៤៥០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយកើតមានករណីឆ្លងកូវីដ-១៩ នៅក្នុងក្លិបហាត់ប្រាណមួយនេះ។
តបតាមកម្មវត្ថុ និងយោងខាងលើ លោក ស សុខាសូមជម្រាបជូន ឯកឧត្តម ជ្រាបថា៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងកំឡុងពេលព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ទេសចរណ៍បានចេញលិខិតស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណនិងលេងកីឡាទាំងអស់ដែលមានលក្ខណៈប្រមូល ផ្ដុំ ដើម្បីអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងអនុក្រឹត្យលេខ៣៧ អនក្រ.បក ស្តីពីចាត់វិធានការសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ជាក់ស្ដែងក្លឹបហាត់ប្រាណ Fit Zone ពុំបានគោរព និងអនុវត្តតាមការណែនាំ ហើយបានបន្តដំណើរការអាជីវកម្មផ្ទុយពី ការណែនាំរបស់ក្រសួងជំនាញ ដែលអាចបង្កឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍ និងអាច ធ្វើឱ្យគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ បានឯកភាពគ្នាក្នុងការបិទអាជីវកម្ម ក្លឹបហាត់ប្រាណហ្វឹតហ្សូន ដែលពុំបានគោរព និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៕