ភរិយាតារាចម្រៀងហួរ ឡាវី ទទួលមរណភាព អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩
ភ្នំពេញ ៖ លោកស្រី នួន សុផាន្នី ដែលជាភរិយារបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ក្នុងអំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។
បើតាមបណ្តាញសង្គមផ្លូវការរបស់កញ្ញា វី ឌីណែត បានប្តូររូបភាពកាន់ទុក្ខភ្លាមៗ ខណៈលោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញ មកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ.សាធុសាធុ»។
ចំណែកតារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហោះសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ។ អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ»។
អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេររំលែកផងដែរថា លោកពូរឹងប៉ឹងណាពូ អ្នកមីងគាត់បានសុខហើយ។
កញ្ញា វី ឌីណែត បានសរសេរទាំងក្រៀមក្រំថា ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឲ្យបានសុខ ម៉ាក់កុំបារម្ភណាកូននឹងនៅមើលថែប៉ានឹងអ្នកផ្ទះយើង កូននឹងរឹងមាំ សូមបីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយក៏មិនអាចឃើញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនបាន សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ
សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយម៉ាក់អើយ។
ជុំវិញការស្លាប់របស់លោកស្រី នួន សុផាន្នី ក្នុងដំណាក់កាលព្យាបាលជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាល មិនទាន់បញ្ជាក់ជាផ្លូវការនោះទេថា លោកស្រីស្លាប់ដោយសារមូលហេតុអ្វី ឬជំងឺអ្វីនោះទេ៕