ចាប់ឃាតករ រំលោភយាយអាយុ៦២ឆ្នាំម្នាក់ រួចសម្លាប់
កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកសហការជាមួយ កម្លាំងនគរបាលខេត្ត ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់បាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដែលពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ិច ថន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សមត្ថកិច្ចសង្ស័យថា បុរសរូបនេះ ចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ឈ្មោះ ចាន់ ធី ហៅពៅ ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សាកសពរបស់ជនរងគ្រោះ ត្រូវបានពលរដ្ឋម្នាក់ឈ្មោះ យឹម សាវ៉ាង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រទះឃើញដេកស្លាប់ ក៏បានស្រែកហៅប្រជាពលរដ្ឋនៅជុំវិញនោះ និងបានរាយការណ៍មកសមត្ថកិច្ច។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ច និងគ្រូពេទ្យធ្វើកោសល្យវិច័យទៅលើសាកសព សន្និដ្ឋានថា ជាករណីឃាតកម្ម ហើយជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនិង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕