ប្រទេសជប៉ុនផ្តល់ថវិកាប្រមាណ៣លានដុល្លារ ដល់គម្រោង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ អំឡុងពេលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីប្រទេសជប៉ុនផ្តល់ថវិកាដល់គម្រោង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ អំឡុងពេលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យក៏ដោយ ក៏មានរបាយការណ៍សាកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមានហានិភ័យខ្ពស់ក្នុងការទទួល រងនូវអំពើហិង្សាដែលបណ្តាលមកពីជំងឺរាតត្បាតនេះ។ ការរឹតត្បិតលើការធ្វើដំណើរ ការបាត់បង់ប្រាក់ ចំណូល ភាពឯកោ កន្លែងរស់នៅចង្អៀត និងកម្រិតខ្ពស់នៃភាពតានតឹង និងជំងឺថប់បារម្ភ ធ្វើឲ្យមាន ការកើនឡើងនូវលទ្ធភាពដែលកុមារអាចជួបប្រទះ និងទទួលរងការរំលោភបំពានលើរាងកាយ និងផ្លូវ ចិត្តនៅផ្ទះ។ ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ កំពុងចាប់ផ្តើមគម្រោងថ្មីមួយឈ្មោះថា “ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជា សកលនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ” ។
រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៤០ ០០០ ០០០ យេន (ប្រមាណជា ៣ ០៩០ ៩០៩ ដុល្លារអាមេរិក) ដល់យូនីសេហ្វសម្រាប់គម្រោងនេះ។ គោលបំណងរបស់គម្រោង គឺដើម្បីធានាថា កុមារា និងកុមារី នៅកម្ពុជាទទួលបានការការពារ ពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានក្នុង អំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ។ សេវាកម្ម កិច្ចការពារកុមារមួយចំនួនបានប្រឈមនឹងការរំខានក្នុងអំឡុងពេលមានជំងឺរាតត្បាត ដូច្នេះគម្រោង នេះមានគោលបំណងធានានូវការស្តារ និងការបន្តសេវាកម្មកិច្ចការពារទាំងនេះឡើងវិញ។
គម្រោងនេះនឹងបង្កើតនូវយុទ្ធសាស្ត្រ និងការអន្តរាគមន៍ដែលមានស្រាប់ដើម្បីពង្រឹងសេវាកម្ម កិច្ចការពារកុមារដែលងាយរងគ្រោះខ្លាំង និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ ។ គម្រោងនេះនឹងគាំទ្ររាជរដ្ឋាភិបាល កម្ពុជាក្នុងការបង្កើត និងអនុវត្តក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌគតិយុត្ត ដើម្បីលើកឡើងពីកត្តា ហានិភ័យនានាដែលអាចកើតមានឡើងដោយសារជំងឺកូវីដ១៩ ទៅលើកិច្ចការពារកុមារ ។ គម្រោងនេះ ក៏នឹងគាំទ្រដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ឪពុកម្តាយ និងអ្នកមើលថែទាំ ក្នុងការរៀនពីវិធីថ្មីៗ ដើម្បីបង្កើនចំណេះដឹង ឥរិយាបថ និងការអនុវត្តរបស់ពួកគេ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើ ហិង្សាលើកុមារ។
អ្វីដែលសំខាន់បំផុតនោះគឺគម្រោងនេះ នឹងធានាថាកុមារងាយរងគ្រោះអាចទទួលបានសេវាកម្មការពារប្រកបដោយគុណភាព រួមមានការគ្រប់គ្រងករណី ការគាំទ្រសុខភាពផ្លូវចិត្ត និងការគាំទ្រ ផ្នែកចិត្តសាស្ត្រនិងសង្គម ជំនួយផ្នែកច្បាប់ និងសេវាសុខភាព។ ខ្សែបណ្តាញជំនួយ និងលេខទំនាក់ទំនងទាន់ហេតុការណ៍ នឹងត្រូវបានបង្កើនឡើងដើម្បីផ្តល់នូវបណ្ដាញសុវត្ថិភាពដែលមានភាពងាយស្រួលទាក់ទងសម្រាប់កុមារ និងមនុស្សពេញវ័យដើម្បីរាយការណ៍អំពីអំពើហិង្សារួមទាំងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន។ សុវត្ថិភាពរបស់កុមារតាមប្រព័ន្ធអ៊ិនធើណេត នឹងត្រូវបានលើកកម្ពស់ តាមរយៈការពង្រឹងភាពជាដៃគូជាមួយឧស្សាហកម្មព័ត៌មាន និងបច្ចេកវិទ្យា (ICT) និងការលើកកម្ពស់ការយល់ដឹងនិងសកម្មភាពអប់រំសម្រាប់កុមារនិងអ្នកថែទាំ។
ជាចុងក្រោយ ការគ្រប់គ្រងទិន្នន័យ និង ការបង្កើតភ័ស្តុតាង នឹងត្រូវបានពង្រឹងតាមរយៈការធ្វើឱ្យប្រសើរឡើងនូវរបាយការណ៍ និងគុណភាពនៃ ទិន្នន័យដែលទាក់ទងនឹងអំពើហិង្សាលើកុមារ។
គោលដៅចុងក្រោយនោះគឺការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតប្រព័ន្ធការពារកុមារ ដែលមានការសម្របសម្រួលសមស្រប និងប្រកបដោយចីរភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបង្ក ឡើងកាន់តែខ្លាំងដោយសារជំងឺកូវីដ១៩ ក្រោមកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល (CSOs) និង ដៃគូពាក់ព័ន្ធដទៃទៀត។
លោកស្រីហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា រាល់ ទម្រង់នៃអំពើហិង្សា ដែលកុមារបានជួបប្រទះអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគេអាចមានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើ ហិង្សានិងការរំលោភបំពានក្នុងអំឡុងពេលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ១៩។
លោកស្រីបានបន្តថា “យើងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងទាន់ពេលវេលា។ គម្រោងនេះមានគោលបំណងពង្រឹងប្រព័ន្ធ និងសេវាកម្មកិច្ចការពារកុមារ និងចូលរួមចំណែកសម្រេចឲ្យបាននូវសិទ្ធិលូតលាស់របស់កុមារកម្ពុជា នៅក្នុងបរិស្ថានប្រកបដោយសុវត្ថិភាព និងកិច្ចការពារ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា “អំពើហិង្សាក្នុងវ័យកុមារភាព អាចបង្កគ្រោះថ្នាក់ជាច្រើនដល់កុមារ និងពេញមួយ ជីវិតរបស់ពួកគេ។ ការទទួលរងគ្រោះនូវអំពើហិង្សានៅវ័យកុមារភាព ជារឿយៗនាំឲ្យមានផលអវិជ្ជមាន ខាងអាកប្បកិរិយា ផ្លូវចិត្តនិងរាងកាយនៅក្នុងវ័យជំទង់ និងពេញវ័យដែលជាបញ្ហាប្រឈមសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចផងដែរ”។
ឯកឧត្តមបានបន្តទៀតថា “យូនីសេហ្វ មានសកម្មភាពនៅកម្ពុជាតាំងពីឆ្នាំ ១៩៩២ និងមានបទពិសោធលេចធ្លោក្នុងការធ្វើការដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ នេះជាមូលហេតុដែលរដ្ឋាភិបាលជប៉ុនចាត់ទុកយូនីសេហ្វ ជាដៃគូដែលគួរឲ្យទុកចិត្តបំផុតដើម្បីសម្រេចគោលដៅនេះ។ រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារហើយនឹងបន្តរហូតដល់យើងបានជួយបង្កើតពិភពលោកមួយដែល គ្មានកុមារណាម្នាក់ត្រូវបានទុកចោល។ យើងនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយស្តារប្រទេសឡើងវិញពីជំងឺកូវីដ ១៩ ៕