ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

49

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការ ស្តីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៣០នាទីរសៀល។
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសខាងលើនេះ ដោយមានរោគសញ្ញាក្តៅខ្លួន និងហត់ បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មក បានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ការពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការ ព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានដាក់ ទុយោក្នុងបំពង់ខ្យល់ ដើម្បីជំនួយការផ្តល់អុកស៊ីហ្សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តែជាអកុសល មិនអាចជួយសង្គ្រោះ បាន ហើយគាត់ក៏បានធ្វើមរណៈភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៣០នាទីរសៀលនេះទៅ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៤៦ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕. សំរិត

អត្ថបទដែលជាប់ទាក់ទង