ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គល ផែង វណ្ណៈ ទៅ​វត្ត​រាជ​បូ​ណ៌ ដើម្បី​ក្រាបបង្គំ​សុំ​ខមាទោស​ចំពោះ​ព្រះ​តេជគុណ ពិន សែម

47

 

​សៀមរាប ៖ បុគ្គល ផែង វណ្ណៈ ដែល​បាន​ប្រមាថ សមាជិក​ថេរ​សភា​សង្ឃ​ខេត្ត និង​មន្ត្រីរដ្ឋបាល​ខេត្តសៀមរាប ព្រះ​តេជគុណ ពិន សែម​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប នៅ​ព្រះ​បុគ្គល​រូបនោះ អញ្ជើញ​ទៅ​វត្ត​រាជ​បូ​ណ៌​ដើម្បី​ក្រាបបង្គំ​សុំ​ខមាទោស​ចំពោះ​ព្រះ​តេជគុណ ពិន សែម​។

​គួរ​បញ្ជាក់ថា បន្ទាប់ពី​មានរឿង​នេះ​កើតឡើង បុគ្គល ផែង វណ្ណៈ បាន​សរសេរ​លិខិត​សុំ​ខមាទោស​ចំពោះ​ព្រះ​តេជគុណ ពិន សែម​។

សូមបញ្ជាក់ថា សាលា​គណ​ខេត្តសៀមរាប បានចេញ​ព្រះលិខិត​មួយ​សូមក្រាបបង្គំទូល​ថ្វាយ​ស​ម្តេច​ព្រះមហា​សុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ទ្រង់​ព្រះមេត្តាជ្រាប សំណើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​ចំពោះ​បុគ្គល ផែង វណ្ណៈ ដែល​បាន​ប្រមាថ សមាជិក​ថេរ​សភា​សង្ឃ​ខេត្ត និង​មន្ត្រីរដ្ឋបាល​ខេត្តសៀមរាប ។​

​តប​តាម​កម្មវត្ថុ​ខាងលើ ទូលព្រះបង្គំ សូម​ទូល​សម្ដេច​ទ្រង់​ព្រះមេត្តា​ជ្រាបថា​៖​នៅ​យប់​ថ្ងៃ​សៅរ៍​១៥​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ នៅ​វត្ត​រាជ​បូ​ណ៌ មាន​ករណី​ថត​ជា​វីដេអូ នូវ​សកម្មភាព​ប្រៀនប្រដៅ​សិស្សគណ​របស់​ព្រះមហា​វិមលធម្ម ដោយ​រំពាត់ផ្តៅ បានធ្វើឱ្យ​ព័ត៌មាន​នេះ​ដឹង​ដល់​សាធារណជន ធ្វើឱ្យ​បញ្ហា​នេះ​ត្រូវបាន​មន្ត្រី​អាជ្ញាធរខេត្ត និង​សាលា​គណ​ខេត្តសៀមរាប ស្រាវជ្រាវ ពិនិត្យ​ទៅលើ​ផ្លូវច្បាប់ និង​ទៅតាម​ធម៌​វិន័យ​របស​ព្រះពុទ្ធ​ជា​ម្ចាស់ អាជ្ញាធរខេត្ត ដឹកនាំ ដោយ លោកជំទាវ​អភិបាលរង​ខេត្ត អមដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​មន្ត្រី នគរបាល​យុត្តិធម៌​របស់​ស្នងការ​នគរបាល​ខេត្តសៀមរាប បានធ្វើការ​ស្រាវជ្រាវ​សា​ក​សួរ​នូវ​ហេតុការណ៍​ផ្សេងៗ បានកំណត់​នូវ​ទង្វើ​របស់​ព្រះមហា​វិមលធម្ម គឺមាន​គោលបំណង​សុចរិត ធ្វើឡើង​ដោយ​គ្រាន់តែ​ជាការ ប្រៀនប្រដៅ​ទៅតាម​បទបញ្ញត្តិ នៃ​បទបញ្ជាផ្ទៃក្នុង​វត្ត​តែប៉ុណ្ណោះ ។​

​ចំណែក​ខាង​សាលា​គណ​ខេត្ត​បាន​និមន្ត បើក​កិច្ចប្រជុំ​ថេរ​សភា​សង្ឃ​ខេត្ត ហើយ​សម្រេច​លើកទោស​តាម​វិន័យ​ត្រូវ​អាបត្តិ (​បា​ចិ​ត្តិ​យ​) ចំពោះ​ព្រះមហា​វិមលធម្ម ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ និង​បានសម្រេច​សូមឱ្យ​ព្រះគ្រូ​ចៅអធិការ​វត្ត ធ្វើ​កិច្ចសន្យា បញ្ចប់រឿង ។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្តាយ​បំផុត គឺ​បុគ្គល​ឈ្មោះ ផែង វណ្ណៈ បាន Lve តាម​ផេ​ក​របស់ខ្លួន បាន​លើកឡើងថា​ប្រសិនបើ​វាយ​កូន​ខ្ញុំ​បែបនេះ ខ្ញុំ​អត់​ទៅប្តឹង​ទេ ខ្ញុំ​ទៅ​បាញ់ចោល​តែម្តង​ចំពោះ​អ្នកប្រព្រឹត្ត និង​ចោទ​បន្ថែម​នូវ​ពាក្យ​មិន​ពិត​ដោយ​ពោលថា​លោក​ជា​ជនរងគ្រោះ​រត់គេចខ្លួន ព្រោះ​ខ្លាច​គេ​តាម​ធ្វើបាប​មិន​ហ៊ាន​ចូល​ផ្ទះ​ទៀតផង និង​វាយប្រហារ​មន្ត្រី​ថេរ​សភា​សង្ឃ​ខេត្ត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តី ថ្លៃថ្នូរ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​យ៉ាងខ្លាំង ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ បុគ្គល​រូបនេះ មានការ​ជេរប្រមាថ មើលងាយ​ដល់​មន្ត្រីរាជការ អាជ្ញាធរ​ខេត្តសៀមរាប​យ៉ាងធ្ងន់ធ្ងរ​ថែមទៀត​ផង ដោយ​ពោល​ពាក្យ​ថា ចង់យក​ផ្តៅ​វាយ​ក្បាល​ម្នាក់​បី​ផ្ដៅ​ទៀតផង ។ មើលឃើញ​ទង្វើ​អសីលធម៌​របស់​បុគ្គល ផែង វណ្ណៈ បែបនេះ ទូលព្រះបង្គំ​យើងខ្ញុំ​ជា​ព្រះ​មេគណ​តំណាង​ឲ្យ​ព្រះសង្ឃ​ទូទាំង​ខេត្តសៀមរាប សូម​ព្រះ​រាជានុញ្ញាត ទ្រង់​ព្រះមេត្តាប្រោស​ជួយ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​លោក​មាន​ចំណាត់ការ​ថ្កោលទោស ចំពោះ​បុគ្គល​ឈ្មោះ​ផែង វណ្ណៈ តាមច្បាប់​ឱ្យ​សម​នឹង​ទង្វើ​ដែល​ជននេះ បាន​ប្រព្រឹត្ត​។​

​សកម្មភាព​របស់​ព្រះ​តេជគុណ ពិន សែម​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប ដែល​បានដាក់​វិន័យ ក្នុងការ​ប្រៀនប្រដៅ ដោយ​ប្រើ​រំពាត់​វាយ​ធ្ងន់ៗ​ទៅលើ​កូនសិស្ស​ជា​ព្រះសង្ឃ ចំនួន​៩​អង្គ ដែល​ធ្វើ​ខុស និង​ខ្ជិល​រៀន គឺ​មិនមែនជា​អំពើហិង្សា​ធ្វើ​ទារុណកម្ម ទណ្ឌកម្ម​ឃោរឃៅ​នោះទេ តែ​គឺជា​អំពើ​ទូន្មាន​ប្រៀនប្រដៅ និង​ការដាក់វិន័យ​របស់​ព្រះគ្រូ​ចៅអធិការ​ដល់ ភិក្ខុ និង​សាមណេរ ដែល​ប្រព្រឹត្ត​ខុស​និង​វិន័យ ដែល​បានចែង​ក្នុង​បទ​កំណត់​ផ្ទៃក្នុង​របស់​វត្ត​រាជ​បូ​ណ៌​តែប៉ុណ្ណោះ ប៉ុន្តែ ព្រះគ្រូ​ចៅអធិការ​ក៏បាន​យល់​ពី​កំហុស​ថា​បានដាក់​វិន័យ​ទៅដល់ ភិក្ខុសង្ឃ និង​សាមណេរ​ក្នុង​រូបភាព​នេះ គឺជា​ការផ្ទុយ​នឹង​ច្បាប់​កម្ពុជា ព្រមទាំង​បានធ្វើ​កិច្ចសន្យា បញ្ឈប់​នូវ​ការធ្វើ​អំពើ​របៀបនេះ​ទៀត​។​

​រឿង​នៅ​វត្ត​រាជ​បូរ ដំណោះស្រាយ​គឺថា បើ​លោក​អង្គណា នៅ​តស៊ូ​នៅក្នុង​វិន័យ​សង្ឃ​នេះ​មិន​បានទេ ក៏​សូម​អញ្ជើញ​ទៅ​នៅ​វត្ត​ផ្សេង​ទៅ​។ ឬមួយ​ទទួល​វិន័យ​នេះ ឬមួយ​សឹក​ចេញ ឬមួយ​ទៅ​នៅ​វត្ត​ផ្សេង ជា​សិទ្ធិ​របស់ខ្លួន​ទេ​។ ព្រោះ​ថាបើ​វត្ត​អត់​មាន​វិន័យ​ត្រឹមត្រូវ​ទេ ក្នុង​សម័យនេះ រក​ព្រះសង្ឃ​ដ៏​ល្អ​ម្នាក់ យកមក​គោរព​ថ្វាយបង្គុំ​អត់​បាន​ផង អីចឹង​ត្រូវតែ​ពត់​លោកសង្ឃ​ទាំងនេះ​អោយ​ត្រង់​ផ្លូវ តាម​មា​គា​របស់​ព្រះពុទ្ធ​អង្គ​។ មួយវិញទៀត មុន​ដាក់វិន័យ​ដល់​សង្ឃ​ទាំងឡាយ គឺមាន​ការប្រជុំ​គណៈ​ង្ឃ​យ៉ាង​ត្រឹមត្រូវ ដើម្បី​បើក​បង្ហាញ​ប្រាប់​ពី​ទោស កំហុស ទាំងឡាយ រហូត​ឈានដល់​ការដាក់ពិន័យ​ឬ​ទណ្ឌកម្ម តែ​ត្រូវអោយ​សង្ឃ​ទាំងអស់នោះ ស្ម័គ្រចិត្ត​ទទួលយក​ការដាក់ពិន័យ​នេះ​ដោយ​ខ្លួនឯង គឺថា​ព្រម​ទទួលយក ឬ​មិន​សុខចិត្ត​ទេ​ក៏​ចាក​ចេញទៅ​នៅ​វត្ត​ផ្សេង​ទៅ ឬមួយ​សឹក​ចេញទៅ​។ តែបើ​ព្រម​ទទួលយក​ការដាក់ពិន័យ​នេះហើយ ហេតុអ្វី​ក៏មាន​អ្នក​លួច​ថត យកមក​បង្ហោះ​? អ្នក​លួច​ថត​បង្ហោះ ក្នុង​ចេតនា​អី​? ជា​រនុកក្នុង​? ចង់​កម្ចាត់​ព្រះសង្ឃ​ដែល​ប្រតិបត្តិ​ល្អ​ក្នុង​ព្រះពុទ្ធសាសនា​?​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈសង្ឃ​នាយក​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ករណី​ព្រះ​តេជគុណ ពិន សែម ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប ខេត្តសៀមរាប ដាក់វិន័យ​កូនសិស្ស​ដោយ​ប្រើ​ហិង្សា ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​កម្ពុជា​, គណៈសង្ឃ​នាយក ថែមទាំង​បាន​សំណូមពរ ដល់​ព្រះ​មន្ត្រី​សង្ឃ ព្រះ​ថេ​រា​នុ​ថេរៈ និង​សាធារណជន ព្រះមេត្តា និង​មេត្តា​ទទួលយក និង​រក្សា​ភាព​ស្ងៀមស្ងាត់ បញ្ចប់​ការលើកឡើង​ពី​បញ្ហា​នេះ​បន្តទៀត​។​

​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​រិះគន់​ជាខ្លាំង​ចំពោះ​សកម្មភាព​របស់​ព្រះ​តេជគុណ ពិន សែម ដែល​បានដាក់​វិន័យ ក្នុងការ​ប្រៀនប្រដៅ ដោយ​ប្រើ​រំពាត់​វាយ​ធ្ងន់ៗ​ទៅលើ​កូនសិស្ស​ជា​ព្រះសង្ឃ ចំនួន​៩​អង្គ ដែល​ធ្វើ​ខុស និង​ខ្ជិល​រៀន ប៉ុន្តែ​ករណីនេះ​ពេល​ស្រាវជ្រាវ​ទៅ មិនមែនជា​អំពើហិង្សា​ធ្វើ​ទារុណកម្ម ទណ្ឌកម្ម​ឃោរឃៅ​នោះទេ តែ​គឺជា​អំពើ​ទូន្មាន​ប្រៀនប្រដៅ និង​ការដាក់វិន័យ​របស់​ព្រះគ្រូ​ចៅអធិការ​ដល់ ភិក្ខុ និង​សាមណេរ ដែល​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​។​

​បន្ទាប់ពី​ដោះស្រាយ​រួចរាល់​ហើយ​នោះ គណៈសង្ឃ​នាយក ថែមទាំង​បាន​ប្រគេន និង​ជម្រាបជូន ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ ព្រះ​ថេ​រា​នុ​ថេរៈ និង​សាធារណជន ព្រះមេត្តា និង​មេត្តា​ជ្រាប​ស្តីពី កំណត់ហេតុ​សម្របសម្រួល​ករណី​ហិង្សា​ព្រះសង្ឃ និង​ព្រះសង្ឃ និង​កិច្ចសន្យា​របស់ ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប​ផងដែរ​។​

​ក្នុង​កំណត់ហេតុ​នោះ បាន​បញ្ជាក់ថា ដោយបាន​ពិនិត្យមើល​សេចក្តីបំភ្លឺ និង​ចម្លើយ របស់​ភិក្ខុ និង​សាមណេរ ០៩ ព្រះអង្គ និង​ចម្លើយ​របស់ ព្រះ​តេជគុណ ពិន សែម ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌​រួចមក យើង​សន្និដ្ឋានបានថា ករណីនេះ​មិនមែនជា​អំពើហិង្សា​ធ្វើ​ទារុណកម្ម ទណ្ឌកម្ម​ឃោរឃៅ​នោះទេ តែ​គឺជា​អំពើ​ទូន្មាន​ប្រៀនប្រដៅ និង​ការដាក់វិន័យ​របស់​ព្រះគ្រូ​ចៅអធិការ​ដល់ ភិក្ខុ និង​សាមណេរ ដែល​ប្រព្រឹត្ត​ខុស​និង​វិន័យ ដែល​បានចែង​ក្នុង​បទ​កំណត់​ផ្ទៃក្នុង​របស់​វត្ត​រាជ​បូ​ណ៌​តែប៉ុណ្ណោះ ហើយ​ព្រះសង្ឃ​ដែល​ធ្លាប់​ទទួល​វិន័យ​ទាំង​០៩​អង្គ​សុទ្ធ​តែមាន​សង្ឃដីកា​ថា ពួកខ្លួន​ពិតជា​យល់ព្រម​ទទួល​នូវ​វិន័យ​ទាំងនេះ​។ ហើយ​ព្រះគ្រូ​ចៅអធិការ​ក៏បាន​យល់​ពី​កំហុស​ថា​បានដាក់​វិន័យ​ទៅដល់ ភិក្ខុសង្ឃ និង​សាមណេរ​ក្នុង​រូបភាព​នេះ គឺជា​ការផ្ទុយ​នឹង​ច្បាប់​កម្ពុជា ព្រមទាំង​បានធ្វើ​កិច្ចសន្យា បញ្ឈប់​នូវ​ការធ្វើ​អំពើ​របៀបនេះ​ទៀត​។​

​បើតាម​កិច្ចសន្យា​របស់​ព្រះ​តេជគុណ ពិន សែម ដែលមាន​ព្រះ​ជុន្មាយុ ៨០​ព្រះវស្សា បាន​ឲ្យ​ដឹងថា​៖

១. ស្វែងយល់​ពី​ច្បាប់​នៃ​ព្រះរាជណាចក្រ​កម្ពុជា ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ ច្បាប់​ស្តីពី​សិទ្ធិមនុស្ស ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​។​

២. អាត្មាភាព​ឈប់​អប់រំ​ភិក្ខុ និង​សាមណេរ តាមបែប​ប្រើ​អំពើហិង្សា​វាយដំ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

៣. អាត្មាភាព​សូម​កែប្រែ​នូវ​ការអប់រំ ទូន្មាន​ប្រដៅ​ដល់​ភិក្ខុ និង​សាមណេរ​តាមបែប​វិន័យ​ព្រះពុទ្ធសាសនា និង​អហិង្សា​វិញ​។​

៤. ចាប់ពី​ថ្ងៃនេះ​តទៅ​អាត្មា​ភាពមិន​មានការ​គុំ​គួ​ន ស្អប់ខ្ពើម​រើសអើង​ដល់​ភិក្ខុ និង​សាមណេរ ដែល​បាន​ប្រព្រឹត្ត​ខុស​ក្នុង​វត្ត​រាជ​បូ​ណ៌ ឬ​បោះបង់​គ្រប់​សង្ឃ​
​ដែល​ប្រព្រឹត្ត​កំហុស​នោះឡើយ គឺ​ប្រៀនប្រដៅ​ដោយ​យុត្តិធម៌ និង​មិន​លំអៀង​។​

៥. អាត្មាភាព​បន្ត​ការដឹកនាំ​ភិក្ខុ និង​សាមណេរ នៅក្នុង​វត្ត​រាជ​បូ​ណ៌ ដើម្បី​ឲ្យ​មាន​ភាព​រីកចំរើន​ប្រកបដោយ​កិត្តិយស​ក្នុង​ព្រះពុទ្ធសាសនា​។​

​ទោះយ៉ាងណា ដោយសារតែ​បុគ្គល ផែង វណ្ណៈ ប្រើពាក្យ​សម្តី​ប្រមាថ​ដល់​ព្រះសង្ឃ​មក​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​សេចក្តីសម្រេច​លុប​អាជ្ញាប័ណ្ណ​សារព័ត៌មាន​របស់​បុគ្គ​ល​ផែង វណ្ណៈ ជា​ស្ថាពរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

អត្ថបទដែលជាប់ទាក់ទង