ឃុំខ្លួនបុគ្គលិកអង្គការ៤នាក់ ដាក់ពន្ធនាគារ ករណីក្លែងឯកសណ្ឋានមន្ត្រីសាធារណៈ
ព្រះវិហារ ៖ តុលាការខេត្តព្រះវិហារ បានចេញដីកាសម្រេចលេខ៩៥ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ចេញដោយលោកស្រីថន ប៉ោហៀកចៅក្រមស៊ើបសួរ ឃុំខ្លួនជនសង្ស័យ៤នាក់ ជាបុគ្គលិកអង្គការមួយ ជាបណ្តោះអាសន្នពីបទក្លែងបន្លំឯកសណ្ឋានស្លាកសញ្ញាឋានន្តរស័ក្តិ ។
តុលាការឃុំខ្លួនជនសង្ស័យនេះ យោងទៅតាមពាក្យបណ្តឹងលេខ០៩៧/២១ប.ណប.ស្ថ.ព.ហ.របស់ក្រសួងបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលចេញមុខប្តឹងដោយលោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារដោយផ្ទាល់។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ឈ្មោះហួន ចាន់ធឿន ភេទប្រុសអាយុ៥៦ឆ្នាំ, ឈ្មោះសេង និស្ស័យ ភេទប្រុស អាយុ៥៦ឆ្នាំ, ឈ្មោះខាត ហ៊ុល ភេទប្រុសអាយុ៦១ឆ្នាំ, និងឈ្មោះសុខ ហ៊ួត ភេទប្រុស អាយុ៥៩ឆ្នាំ អ្នកទាំង៤ស្នាក់នៅភូមិស្រយ៉ងជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ។
ជនសង្ស័យ៤នាក់នេះ ជាប់ចោទពីបទក្លែងបន្លំនិងប្រើប្រាស់ឯកសណ្ឋានស្លាកសញ្ញាឋានន្តរសក្តិ របស់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ដើម្បីធ្វើសកម្មភាពល្មើសក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព កន្លងទៅថ្មីៗនេះ៕