ជប៉ុនផ្តល់ថវិកាចំនួន ៥៧៤,២៣០ ដុល្លារ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥៧៤,២៣០ ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន នឹងទទួលបានថវិកា ២១៧,៨៤៥ ដុល្លារអាមេរិក សម្រាប់សំណង់ធារាសាស្ត្រនៅក្នុងឃុំស្ទឹងត្រង់។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នឹងទទួលបានថវិកា ១៦៩,៧២០ ដុល្លារអាមេរិក សម្រាប់ការពង្រឹងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី។ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង នឹងទទួលបានថវិកា ១៨៦,៦៦៥ ដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែក្នុងស្រុករំដួល។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅថ្ងៃទី១៩ ខែមីនា ខ្ញុំបាន ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ។ យើងបានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណង តាមរយៈការផ្លាស់ប្តូរកិច្ចសន្យាតាមប្រៃសណីយ៍ ដោយមិនមានការ ប្រារព្ធពិធីទេ ដោយសារការឆ្លងរីករាលដាលចូលសហគមន៍នៃវីរុសកូវីដ១៩ កាលពីថ្ងៃទី២០ ខែ កុម្ភៈ និងដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងវីរុសកូវីដ១៩។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងមានភាពប្រសើរឡើងក្នុងពេលឆាប់ៗនេះ។
ចាប់តាំងពីឆ្នាំ ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តគម្រោងគូសាណូណិនៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និង អង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិមានន័យថា “ ឬសស្មៅ” ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេល៣ទស្សវតន៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងចំនួន៦៥០ តាមរយៈជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុង ការកែលម្អគុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជា និងការលើកកម្ពស់វប្បធម៌ និងការអប់រំថ្នាក់ ឧត្តមសិក្សានៅកម្រិតមូលដ្ឋាន។
លោកសូមណែនាំព័ត៌មានលម្អិតអំពីគម្រោងទាំងបីដែលពួកយើងបានចុះហត្ថលេខា។
១.គម្រោងសំណង់ធារាសាស្ត្រកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
២. គម្រោងពង្រឹងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។
៣.គម្រោងកែលម្អផ្លូវក្នុងស្រុករំដួល ខេត្តស្វាយរៀង។
នៅក្នុងគម្រោងទី១ សម្រាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាចំនួន ២១៧,៨៤៥ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ថានីយ៍បូមទឹកមួយ សំណង់បង្ហូរទឹកមួយ និងលូប្រអប់ពីរ និងការស្តារប្រឡាយទឹកមួយកន្លែង។ ជំនួយឥត សំណងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ផ្នែកកសិកម្ម និងដើម្បីលើកកម្ពស់គុណភាព និងបរិមាណផលិតផលកសិកម្មនៅក្នុងឃុំ។ ជាលទ្ធផល គម្រោងនេះនឹងធានាសន្តិសុខស្បៀងអាហារ និងបង្កលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរ ទៅវិញទៅមករវាងប្រជាជនប្រមាណ ៣,៤៤០ នាក់ នៅក្នុងភូមិចំនួនបី។
នៅក្នុងគម្រោងទី២ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ រដ្ឋាភិបាល ជប៉ុននឹងផ្តល់ថវិកាចំនួន ១៦៩,៧២០ ដុល្លារអាមេរិក សម្រាប់សាងសង់ឃ្លាំងស្តុកស្វាយចន្ទី ចំនួន៣ និងកន្លែងសម្ងួតចំនួន៤ និងការតម្លើងឧបករណ៍វាស់សំណើមគ្រាប់ស្វាយចន្ទីនៅចំនួន ៤ គ្រឿង។ ជំនួយឥតសំណងនេះ មានគោលបំណងពង្រឹងប្រព័ន្ធកែច្នៃគ្រាប់ស្វាយចន្ទីដែលបានប្រមូលផលហើយ និងបង្កើនប្រាក់ចំណូលដល់កសិករចំនួន១,៤០០នាក់ នៅក្នុង សហករណ៍កសិកម្មចំនួន៤។ ជំនួយនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃម្ហូប អាហាររបស់ប្រទេសកម្ពុជា។
នៅក្នុងគម្រោងទី៣ សម្រាប់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង រដ្ឋាភិបាលជប៉ុននឹងផ្តល់ ថវិកាចំនួន ១៨៦,៦៦៥ ដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែប្រវែង ៦ គីឡូម៉ែត្រ នៅក្នុងឃុំបុសមន។ ការស្ថាបនាផ្លូវនេះ នឹងចូលរួមចំណែកដល់គុណភាពជីវិតរបស់ប្រជាជនប្រមាណ ១២៦,០០០ នាក់ នៅក្នុងស្រុករំដួល និងស្រុកស្វាយទាប។ ជំនួយឥតសំណងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការទទួលបានដោយសុវត្ថិភាពនូវសេវាសាធារណៈ ដូចជាសាលារៀន និងមណ្ឌលសុខភាព និងការដឹកជញ្ជូនទំនិញដោយរលូនរវាងកម្ពុជានិងវៀតណាម។
លោកមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរាជទូតជប៉ុន ក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាព រស់នៅរបស់ប្រជាជន។ លើសពីនេះ ការដោះស្រាយឲ្យបានដិតដល់នូវបញ្ហាពាក់ព័ន្ធនឹង សុខភាពនិងអនាម័យក៏កាន់តែមានសារៈសំខាន់ផងដែរ ជាពិសេសនៅពេលដែលមានការ គម្រាមកំហែងពីវីរុសកូវីដ១៩ ទៅទូទាំងពិភពលោក។ ប្រទេសជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ផ្សេងៗ រួមទាំងជំនួយឥតសំណងគូសាណូណិ ផងដែរ៕