រដ្ឋបាលខេត្តប៉ៃលិន មន្ត្រីឌឹម មុនីកុសល ប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ
ប៉ៃលិន ៖ ពាក់ព័ន្ធករណីបណ្តេញចេញពីក្របខ័ណ្ឌឈ្មោះ ឌឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិនរដ្ឋបាលខេត្តប៉ៃលិន ធ្វើឲ្យមានការរិះគន់យ៉ាងច្រើនលើបណ្តាញសង្គមមកនោះ រដ្ឋបាលខេត្តប៉ៃលិន មន្ត្រីរូបនេះប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែអនុវត្ត ទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ដែលប្រើប្រាស់បណ្តាញព័ត៌មាន សង្គមពាក់ព័ន្ធនឹងដីកាលេខ០១៨/២១ដក.តត ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ប៉ៃលិន ស្តីពីការដាក់ទណ្ឌកម្មវិន័យថ្នាក់ទី២ ទៅលើឈ្មោះ ឌឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការបកស្រាយខុសពាក់ព័ន្ធនឹងដីកានេះ រដ្ឋបាលខេត្តប៉ៃលិន សូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងតួនាទី គាត់មិនដែលមក បំពេញការងារក្នុងអង្គភាព គាត់តែងតែព្យាយាមបង្កការញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព មន្ទីរសុខាភិបាលខេត្ត។
ដោយមានកំហុសឆ្គងជាបន្តបន្ទាប់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេចស្នើសុំមករដ្ឋបាលខេត្ត ដើម្បីបញ្ចប់ភារកិច្ចកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ យោងតាមលិខិតស្នើសុំនេះ រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំតណៈអភិបាលខេត្ត ពិនិត្យឃើញថាគាត់ពិតជាមានកំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន និងបានសម្រេចបញ្ចប់តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មកជាមន្ត្រី តាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។ ការបញ្ចប់ភារកិច្ចពេលនោះ គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្តការអុកឡុកញុះញង់ បំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល។
បច្ចុប្បន្នមន្ត្រីអង្គភាពសុខាភិបាលជួរមុខ គ្រប់រូបកំពុងមមាញឹករួមសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា លោក ខឹម មុនីកុសល មានតែឈ្មោះជាមន្ត្រីក្នុងមន្ទីរសុខាភិបាលខេត្ត តែគាត់ មិនបានមកបំពេញការងារទេ។ ក្នុងគោលបំណងបង្កភាពវឹកវរ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ គាត់ បានសុំចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយគាត់ក៏ឆ្លៀតឱកាសថតបង្ហោះ ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័តមានក្លែងក្លាយធ្វើឱ្យចលាចលក្នុងសន្តិសុខសង្គមប៉ះពាល់ ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាង សកម្មមិនគិតពីការនឿយហត់។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា “ដោយមន្ត្រីរូបនេះប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែអនុវត្ត ទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ។
គណនីហ្វេសប៊ុក Ly Songhy បានលើកឡើងថា ពេលខ្លះយើងជាលេង និងមើលព័ត៌មានតាមបណ្តាញសង្គម យើងមិនអាចវាយតម្លៃលើសលប់ពេកទេ ព្រោះចង្កៀងផ្ទះអ្នកណា វាភ្លឺផ្ទះអ្នកនោះ។
យើងមើលសេចក្តីបំភ្លឺរបស់អ្នកនាំពារបស់រដ្ឋបាលខេត្តប៉ៃលិន និងដីកាស្តីពីការផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការ ចុះហត្ថលេខាដោយឯកឧត្តម អភិបាលខេត្ត ផាន់ ចាន់ធុល កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ មន្ត្រីមានកំហុស មានតំណែងតាំងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត ឲ្យមកធ្វើជាមន្ត្រី អង្គភាពរបស់គេដឹងច្បាស់ជាងយើងគ្រប់គ្នា។
បើមន្ត្រីល្អគេសម្រួលភារកិច្ចគឺពីតូចទៅធំ មិនមែនពីធំមកតូចទេ យ៉ាងណាមិញបុគ្គលិកក្រុមហ៊ុនដូចគ្នា ខ្ញុំមិនវាយតម្លៃទេទុកឲ្យយើងពិនិត្យ ពិចារណាដោយខ្លួនឯង។
ប្រភពដដែល បានបន្តថា ជឿទៅ បើមិនមានកំហុសច្រំដែរៗគ្មានអ្នកណាទៅធ្វើអីយើងទេ។
ទះដៃមួយចំហៀងវាមិនលឺទេ មានតែអ្នកដឹងបានដឹង អ្នកមិនដឹងនៅតែមិនដឹង។
សម័យនេះហើយយើងមានសិទ្ធគ្រប់បែបយ៉ាង តែក៏មិនត្រូវភ្លេចអ្នកជុំវិញខ្លួនយើងគេក៏មានសិទ្ធដែរ អ្នកណាសាងអីអ្នកនោះជាអ្នកទទួល យើងជាកញ្ចក់ បានត្រឹមមើល មិនអាចវាយតម្លៃឱ្យស៊ីជម្រៅខុសពីការពិតពែកទេ មានតែអង្គភាពគេទេទើបដឹងការពិត ថាបុគ្គលណាមានកំហុស ឬមិនមានកំហុស។
ក្រោយមានសេចក្តីសម្រេចមួយ ស្តីពីការលុបចេញក្របខណ្ឌរបស់អតីតពេទ្យម្នាក់ មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានផុស និងចែករំលែកជាបន្តបន្ទាប់ ដោយមិនបានដឹងសាច់រឿងច្បាស់
ឈ្មោះ ខឹម មុនីកុសល ជាអតីតមន្ត្រីពេទ្យបម្រើការនៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន តែមន្ត្រីរូបនេះ មិនបានមកបំពេញការងារដូចមន្ត្រីដទៃទៀតឡើយ ផ្ទុយទៅវិញ នៅពេលទ័ពអាវសកំពុងតែមមារញឹកដៃប្រយុទ្ធនឹងសមរភូមិប្រឆាំងកូវីដ១៩ បុគ្គលម្នាក់នេះបានផ្សព្វផ្សាយបំភ្លៃព័ត៌មាន អុចអាល ញុះញង់ បង្ករអោយមានការរើសអើង និងធ្វើអោយបែកបាក់សាមគ្គីផ្ទៃក្នុង និងបាត់បង់កិត្តិយសរបស់ទ័ពអាវស ទោះមានការណែនាំពីប្រធានអង្គភាពជាច្រើនដងក្តី ក៏បុគ្គលរូបនេះមិនបានអនុវត្តន៍តាម ។
ដោយយោងព្រះរាជក្រឹតស្តីពីលក្ខន្តិកៈ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ មាត្រា៦៣ ការអនុវត្តខាងទណ្ឌកម្ម វិន័យទី២ ត្រូវសម្រេចដីការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយពីមានយោបល់របស់ក្រុមប្រឹក្សាវិន័យ ក៏សម្រេចដកបុគ្គលរូបនេះចេញពីក្របខណ្ឌ ។
គណនីហ្វេសប៊ុកនោះ បានបញ្ជាក់ថា ក្រៅពីខ្លួនមិនសូវចូលកន្លែងបំពេញការងារ ថែមទាំងធ្លាប់ប្រធានអង្គភាពបានធ្វើកិច្ចសន្យាស្តីបន្ទោសជាច្រើនដងស្របតាមលក្ខន្តិក:មន្ត្រីរាជការស៊ីវិលថែមទៀត។
មិនគិតកែខ្លួនបែជាសរសេរសារបង្ហោះផ្ទុយពីការពិតបង្ខូចមន្ត្រីពេទ្យជួរមុខ និងមន្ត្រីរាជការដែលបានខិតខំចូលរួមអនុវត្តយ៉ាងស្វិតស្វាញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអាសន្នរោគកូវីដ ១៩ ដើម្បីប្រជាជន និងសហគមន៍ទៅវិញ
គាត់បានបង្កើតកំហុសជាច្រើនលើកច្រើនសារ កំហុសនេះមិនមែនជាលើកទី១ទេ គឺសមល្មមត្រូវក្រុមប្រឹក្សាវិន័យ អនុវត្តវិន័យចុងក្រោយគឺបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការ។
ក្នុងនាមជាមន្ត្រីរាជការ ១រូប និងក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំសូមគាំទ្រចំណាត់ការរបស់ក្រុមប្រឹក្សាវិន័យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តទៅលើឈ្មោះ ខឹម មុនីកុសល បច្ចុប្បន្នបម្រើការងារជាមន្ត្រី នៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដែលបានប្រព្រឹត្តកំហុសបន្ថែមក្នុងវិជ្ជាជីវ:។
អភិបាលខេត្តប៉ៃលិន បានសម្រេចបណ្តេញមន្ត្រីសុខាភិបាលម្នាក់ ចេញពីក្របខ័ណ្ឌ ដោយគ្រាន់តែលោកបង្ហោះសារត្អូញត្អែរពីទុក្ខលំបាកនៅមណ្ឌលចក្តាឡីស័ក ខេត្តប៉ៃលិន។
លោក ខឹម មុនីកុសល ជាមន្ត្រីនៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានសរសេរបង្ហោះហ្វេសប៊ុក «Khem Monykosal» ដោយដាក់ចំណងជើងថា «បញ្ហាដែលពេទ្យប្រចាំការនៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល»។ លោកលើកបង្ហាញថា«មន្ត្រីពេទ្យជាបុគ្គលិកស្រីត្រូវបានបងប្អូនយើងដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ។ ពេទ្យប្រចាំការតាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលបានការប្រមាថបែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។ មិនមែនពេទ្យ គួរទទួលខុសត្រូវផ្តាច់មុខអញ្ចឹងទេ។ ការងារចែកបាយ ក៏មិនគួរតែពេទ្យជាអ្នករាប់រងតែឯងដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធគួរតែរួមចំណែកជួយ មិនមែនមកអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេទេ»។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិតសម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដោយមូលហេតុត្រូវបានលោកស្រីអភិបាលខេត្ត លើកឡើងថា «ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។
រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលដែលស្ថាប័នដើមខ្សែ គួរតែពិនិត្យមើលអំណាចរបស់ខអភិបាលខេត្តប៉ៃលិន ពាក់ព័ន្ធនឹងការសម្រេចបណ្តេញមន្ត្រីចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ថាតើស្របតាម«ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៉ីវិល នៃព្រះរាជាណាចក្រកម្ពុជា» ដែរឬទេ។
ការសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលដែលមន្ត្រីរាជការណាម នាក់រំលោភលើបម្រាមនៃមាត្រា៣៥ ត្រូវអនុវត្តតាមនីតិវិធី ដូចមានចែងក្នុងមាត្រា៣៩ និង មាត្រា៤០ នៃ «ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៉ីវិល»។ យោងតាមច្បាប់នេះ មានទណ្ឌកម្មរដ្ឋបាលមួយចំនួនត្រូវអនុវត្តជាមុនសិន ទើបឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ វៀរលែងតែប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
ការតែងតាំង ការតម្លើងថ្នាក់ ការផ្លាស់ប្តូរ ការដាក់ក្រៅតំណែង ឬការដាក់ឱ្យនៅក្រៅក្របខ័ណ្ឌ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស។ ការបញ្ឈប់ឱ្យធ្វើការដោយបង្ខំ ការដាក់ឱ្យចូលនិវត្តន៍មុនកំណត់ និងការហូតងារនៃអ្នករាជការក្របខ័ណ្ឌត្រូវសម្រេចដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស ស្របតាមលក្ខន្តិកៈដោយឡែកនៃអ្នករាជការនេះ (មាត្រា៥)៕