បើកអេស្កាវ៉ាទ័រស្ទូចលូប៉ះខ្សែភ្លើង ឆក់ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល
ភ្នំពេញ ៖ បុរស២នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ម្នាក់ និងម្នាក់ទៀត បានរងរបួសស្រាល ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៣៥១ ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពមានឈ្មោះ សៀម ផាន់ណា អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកឯអ្នករងបួសឈ្មោះ ឡាត់ រៀន ភេទប្រុស អាយុ ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់ធ្វើការឲ្យក្រុមហ៊ុនម៉ៅការដាក់លូមួយកន្លែង ហើយក្មួយប្រុសរបស់គាត់ក៏ បានបើកអេស្កាវ៉ាទ័រស្ទូចលូ ដើម្បីដាក់ទៅខាងក្នុងប្រឡាយតភ្ជាប់គ្នា ខណៈភ្លាមៗនោះដែរ ស្រាប់តែលើកប្រមោយគ្រឿងចក្រឡើងទៅលើ បានទាក់នឹងខ្សែភ្លើងបណ្ដាលឲ្យស្រូបឆក់តែម្តងទៅ។ ហើយភ្លាមៗនោះដែរ ប្ដីរបស់គាត់កំពុងតែកាយកប់លូនៅក្បែរគ្នា ក្រឡេកទៅក៏បានឃើញក្មួយកំពុងតែខ្សែភ្លើងឆក់បែបនេះ ក៏នាំគ្នាស្រែកឆោឡោហៅឲ្យគេជួយហើយស្ទុះទៅជួយក្មួយឆក់ទាំង២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យចំណែកឯ ក្មួយរបស់គាត់ដោយសភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់បង់ជីវិតបាត់ទៅ។ រីឯ ប្ដីរបស់គាត់វិញគ្រាន់តែរងរបួសធ្ងន់តែប៉ុណ្ណោះ៕