ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមដៃស្អិត​៦​នាក់​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ នៅ​ខណ្ឌ​ច្បារអំពៅ ត្រូវបញ្ជូនទៅតុលាការ​

52

 

​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​៦​នាក់ ដែលជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​បង្ក្រាបបាន​កាល​ពី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នោះ លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ បានបញ្ជាក់​ឲ្យ​ដឹងថា បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២២​មីនា​នេះ​។​

​លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ បាន​បន្តថា ក្រុម​ក្មេង​ទំនើង​ដែល​បានធ្វើ​សកម្មភាព​ឆក់​នៅ លើ​ដងផ្លូវ​សាធារណៈ​នេះ មាន​គ្នីគ្នា​ចំនួន​៣​ម៉ូតូ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​១​ម៉ូតូ និង​ពីរ​ម៉ូតូ​ជា​អ្នក​បិទគូទ​។ លោក​បន្តថា នៅ​ថ្ងៃទី​១៩​មីនា ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ទៅលើ​ជន រងគ្រោះ​ម្នាក់​ជា​ស្ត្រី​ឈ្មោះ អាត ស្រី​កា អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់នៅ​ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ សម្ភារៈ​បាត់​រួមមាន​៖ ខ្សែក​ផ្លា​ទីន​ចំនួន​១​ខ្សែ ទម្ងន់​៧​ជី បន្ដោង​មាន​ត្បូង​ពេជ្រ​តំលៃ​ជិត​២,០០០​ដុល្លារ​។ ក្រោយ​ពួកក្មេង​ទំនើង ធ្វើ​សកម្មភាព​ឆក់ កម្លាំង​នគរបាល​បាន​ដេញ​បង្ក្រាប​ក្របួច​ជាប់​ទាំងអស់​តែម្តង​។​

​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្តិ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផឹក​កាហ្វេ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​០៦​នាក់​ខាងលើ ជិះ​ម៉ូតូ​០៣​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ជនរងគ្រោះ បានសម្រេច​រួច​គេចខ្លួន​។ ជនរងគ្រោះ​ដេញតាម​ហើយ​ស្រែក​ឆោឡោ ទើប​សមត្ថកិច្ច​ប៉ុ​សិ៍្ត​ដេញតាម​ក្របួច​ជាប់​ទាំងអស់​៕

អត្ថបទដែលជាប់ទាក់ទង