យុវជនម្នាក់ជិះម៉ូតូ បុករថយន្ត ចតនៅចិញ្ចើមផ្លូវពីក្រោយ ផុងលលាដ៍ស្លាប់
ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូត ជ្រុលទៅបុករថយន្តពីក្រោយ បណ្តាលឲ្យដួលបោកក្បាលផុងលលាដ៍ស្លាប់ក្នុងថ្លុកឈាម ចំណែកឯម្ចាស់រថយន្តបើកទ្វាររត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៦ និង៥០ នាទីយប់ថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះ ខែម ដាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ សេរីភាព មានទីលំនៅខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ 3-A 7802 ចតចោលនៅលើចិញ្ចើមផ្លូវ១០៤ ខណៈពេលម្ចាស់បានចូលទៅលេងផ្ទះមិត្តភក្តិ ស្រាប់តែមួយសន្ទុះក្រោយមក៏មានម៉ូតូម៉ាកឃ្លិកមួយគ្រឿងទៀត ពណ៌ឈាមជ្រូកពាក់ផ្លាកលេខ កណ្តាល 1-AA 9158 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តធន់ធំពេញទំហឹង បណ្តាលឲ្យបោកក្បាលនៅក្រោយរថយន្តផុងលលាដ៍ស្លាប់ភ្លាមៗ ចំណែកឯម៉ូតូជនរងគ្រោះវិញខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។
សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ ៕