ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​បាន​ប្រារព្ធ​ទិវា​អបអរសាទរ អភិរក្ស​ព្រៃឈើ​ឡើងវិញ​ក្រោម​ការគាំទ្រ​ពី​សហគម​ន៏

90

 

​ភ្នំពេញ​៖ ថ្ងៃនេះ កម្ពុជា​បាន​ប្រារព្ធ​ទិវា​អបអរសាទរ អភិរក្ស​ព្រៃឈើ​ឡើងវិញ ក្រោម​ការ​គ្រាំទ្រ ពី​បងប្អូន សហគម​ន៏ ។​កម្ពុ​ជាមាន​ផ្ទៃដី​អភិរក្ស​ទំហំ​៧,៣ លាន​ហិកតា ស្មើនឹង ៤១%​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល​ដែល​ទំហំ​នេះ​បាន ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ផ្ទៃដី​អភិរក្ស​ធំ​ក្នុង បណ្តា​ប្រទេស​នៅ​អាស៊ី និង​ទទួល​បានការ​កោត សរសើរ​ពី​ស្ថាប័ន​នានា​លើ​ពិភព លោក​។
ផ្ទៃដី​តំបន់​ធម្មជាតិ​ដែល​កម្ពុជា​ដាក់​ជា​តំបន់​អភិរក្ស​នេះ​ច្រើនជាង​២ ដង​នៃ​គោលការណ៍​ជីវៈចម្រុះ​អា​ឈី​(Archi) ដែល​កំណត់ថា​ប្រទេស​នីមួយៗ​ត្រូវ​រក្សា​ដី​អភិរក្ស​១៧​ភាគ រយ នៃ​ផ្ទៃដី​ប្រទេស​។

អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ ធនធាន​ព្រៃឈើ​នៅក្នុង​តំបន់ការពារធម្មជាតិ​ត្រូវបាន​ការពារ​និង​អភិរក្ស​បាន​យ៉ាង​ល្អ ទោះបីជា​មានការ​ប្រឈម​ខ្លះ និង​បទល្មើស​ទ្រុងទ្រាយ​តូចៗ​នៅ​បន្ត​កើត មាន​ក្តី​។ សត្វព្រៃ​ត្រូវបាន​មើលឃើញថា ចាប់ផ្តើម​មាន​វត្តមាន​កើនឡើង​ចំពោះ​ប្រភេទ​សត្វ​កម្រ​ខ្លះ​និង​សត្វ​មួយចំនួនទៀត​មាន​ចំនួន​ថេរ​។ ប្រជាពលរដ្ឋ​ចាប់ផ្តើម​យល់ដឹង​កាន់តែខ្លាំង អំពី​សារៈប្រយោជន៍​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើ សត្វ ព្រៃ​។ ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​បានទទួល​ចំណូល​បន្ថែម​ពី​ការដកហូត​អនុផល​ព្រៃឈើ និង​ទទួល បាន ផលប្រយោជន៍​ពី​ការថែរក្សា​ព្រៃឈើ​។

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង បរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ថែរក្សា​ឈើ​ឈរ​ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី តាមរយៈ​ការលក់ ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ហើយ​ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន​ត្រូវបាន​យកទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​មូលដ្ឋាន​។ កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ថា​កម្ពុជា​នឹង​អាច​លក់​ឥណទាន​កាបូន បាន​បន្ថែមទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ខណៈ​ពី​ឆ្នាំ​២០១៦ មកដល់​បច្ចុប្បន្ន កម្ពុជា​បានទទួល​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​ដោយ​ទទួលបាន​ថវិកា​ចំនួន ១១,៦​លាន​ដុល្លារ​អាម៉េរិក​។ ថវិកា​នេះ​ប្រើប្រាស់​ដើម្បី​ការពារ​និង​អភិរក្ស​ព្រៃឈើ និង​ការអភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​។
រហូតមកដល់​ពេលនេះ មានតែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ក្នុងប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។​

​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​កំពុង​អនុវត្ត​កម្មវិធី​រេ​ដ​បូក​បានល្អ​ក្នុងចំណោម ប្រទេស​ដទៃទៀត លើ​សកលលោក​មានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែល​នឹងមាន​សិទ្ធិ​ដាក់​គម្រោង​យក​ថវិកា​ពី​មូលនិធិ​អាកាសធាតុ​បៃតង​។ ផ្អែក​តាម​កម្រិត​យោង​ព្រៃឈើ (Forest References Level) កម្ពុជា​អាច​ផលិត​ឥណទាន​កាបូន​បាន​ប្រមាណ ១០​លាន​តោន​/​ឆ្នាំ សម្រាប់​ទទួលបាន​ថវិកា​ក្នុង​ក្របខ័ណ្ឌ​ការទូទាត់​ផ្អែក​តាម​លទ្ធផល ពី​មូលនិធិ​អាកាសធាតុ​បៃតង​។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុ​ុ​ជា​ក៏បាន​ចលនា​ការដាំ​ដើមឈើ​ស្តារ​គម្រប​ព្រៃឈើ​នៅ​តំបន់​រិច​រិល​ផងដែរ​។ ក្នុង​មួយឆ្នាំៗ កូនឈើ​រាប់សែន​ដើម​ត្រូវបាន​ដាំ​នៅតាម​តំបន់​នានា​។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល​ក៏​យកចិត្តទុកដាក់​លើ​ការបង្កើត​ចម្ការ​ឈើ​ដាំ​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់ កាត់បន្ថយ​លើ​សម្ពាធ​មកលើ​ឈើ​ធម្មជាតិ​។ ការ​សន្សំសំចៃ​ការប្រើប្រាស់​អុស​ដុត និង​ធ្យូង​ក៏​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​សម្ពាធ​លើ​ធនធានធម្មជាតិ​។ ឡ​ដុត​ធ្យូង ក៏​ជា​ប្រភព​មួយ​ដែលនាំឱ្យ​មានការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ ធម្មជាតិ​។
​ព្រៃឈើ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ជីវិត​មនុស្ស​សត្វ និង​ជីវៈចម្រុះ​ផ្សេងទៀត ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ ការទទួលខុសត្រូវ​និង​ស្មោះត្រង់​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​កម្ពុ​ជាមាន​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​៕.​សំរិត​

អត្ថបទដែលជាប់ទាក់ទង