ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រាជរដ្ឋាភិបាល ចេញ​សេចក្ដីណែនាំ ចាត់វិធានការ​បង្ការ ទប់ស្កាត់​ការនាំ​ចូល ការជួញដូរ ការធ្វើ​អាជីវកម្ម​និង​ការប្រើប្រាស់​ផលិតផល អេ​ច​ឈ៏ ធី ភី (HTPs)

40

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីណែនាំ ស្ដីពី ចាត់វិធានការ​បង្ការ ទប់ស្កាត់​ការនាំ​ចូល ការជួញដូរ ការធ្វើ​អាជីវកម្ម​និង​ការប្រើប្រាស់​ផលិតផល អេ​ច​ឈ៏ ធី ភី (HTPs) នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​។ សេចក្ដីណែនាំ​នេះ ហាមឃាត់ ការប្រើប្រាស់ ការនាំ​ចូល ការជួញដូរ និង​ការធ្វើ​អាជីវកម្ម បារី​អេឡិចត្រូនិក​គ្រប់​ប្រភេទ រួមបញ្ចូល​ទាំង អេ​ច​ឈ៏ ធី ភី (HTPs)​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​សាទរ​ចំពោះ​ចំណាត់ការ​នេះ ដោយមាន​មានប្រសាសន៍ថា​៖ “​ការដាក់ចេញ​នូវ​សេចក្តីណែនាំ​នេះ បានរួម​ចំណែក​ដល់​ការទប់ស្កាត់​ការ​រាតត្បាត​ចូល​សហគមន៍​នៃ​ជំងឺ​កូ​វីដ ១៩ ដែល​ប្រទេស​កម្ពុជា​កំពុង​យកចិត្តទុកដាក់​។ មាន​យុវជន​កម្ពុជា​មួយចំនួន កំពុង​ប្រើប្រាស់​ឧបករណ៍​ជក់បារី​អេ​ឡិ​ក​ត្រូ​និក និង​អេ​ច​ឈ៍ ធី ភី រួមគ្នា ដែលជា​កត្តា​ហា​នី​ភ័យ​យ៉ាង​ធំ​នៃ​ការ​ចម្លងជំងឺ​កូ​វីដ ១៩ ពី​ម្នាក់​ទៅ​ម្នាក់​”​។

​បច្ចុប្បន្ន យើង​សង្កេតឃើញថា បារី​អេឡិចត្រូនិក និង​អេ​ច​ឈ៏ ធី ភី ត្រូវបាន​គេ​ផ្សព្វផ្សាយ​លក់ យ៉ាង​គគ្រឹកគគ្រេង​តាមរយៈ​បណ្ដាញ​ពត៌មាន​សង្គម ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ចាប់ផ្ដើម និង​បន្ត​ការប្រើប្រាស់​។
​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានអោយដឹងថា ការប្រើប្រាស់​បារី​អេ​ឡិ​ក​ត្រូ​និក និង​អេ​ច​ឈ៍ ធី ភី អាចជា​ច្រកទ្វារ​មួយ ទៅកាន់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ផ្សេងទៀត​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង​អេ​ច​ឈ៏ ធី ភី (HTPs) បណ្ដាល​ឲ្យ​ញៀន កើត​ជម្ងឺ​សួត​ធ្ងន់ធ្ងរ រហូត​បាត់​បង់ជីវិត​។ យោងតាម​មជ្ឈមណ្ឌល​ពិនិត្យ​ត្រួតពិនិត្យ​ជំងឺ (Centers for Diseases Control (CDC)​នៃ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា ការប្រើប្រាស់ បារី​អេឡិចត្រូនិក និង​អេ​ច​ឈ៏ ធី ភី (HTPs) បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​សួត ហើយ​គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០២០ នៅ​សហរដ្ឋអាមេរិក មានការ​រងរបួស​សួត​ប្រមាណ​ជិត ៣០០០​ករណី ពាក់ព័ន្ធ​ការប្រើប្រាស់​បារី​អេ​ឡិ​ក​ត្រូ​និ​ច និង​អេ​ច​ឈ៏ ធី ភី (HTPs) ក្នុងនោះ​មាន​អ្នកស្លាប់​ជិត​៧០​នាក់​៕

 

អត្ថបទដែលជាប់ទាក់ទង