កម្មករប្រមូលសំរាមម្នាក់ រុញសំរាមចូលក្នុងរថយន្ត កៀបដាច់ដៃម្ខាង
ក្រុងព្រះសីហនុ ៖ បុរសកម្មករប្រមូលសំរាមម្នាក់ រុញសំរាមចូលក្នុងរថយន្ត កៀបដាច់ដៃស្តាំម្ខាង កាលពីវេលាម៉ោង១២រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំផ្សារវាលរេញ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ ទួច ទីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករប្រមូលសំរាម។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមកម្មករមួយក្រុម ជិះលើរថយន្តដឹកសំរាម ដើម្បីដើរប្រមូលសម្រាមតាមទីសាធារណៈ ខណៈមកដល់ម្តុំទីប្រជុំជនជិតផ្សារវាលរេញ ក្រុមកម្មករបានឈប់រថយន្ត រួមជាមួយជនរងគ្រោះ បានចុះប្រមូលសំរាមលើកដាក់រថយន្តដូចសព្វដង ខណៈពេលដែលជនរងគ្រោះ បានលើកថង់សម្រាប់ដាក់ចូលក្នុងរថយន្តហើយយកដៃរុញចូលទៅក្នុងម៉ាស៊ឺនគ្រីបសំរាម បណ្តាលឲ្យកៀបជាប់ដៃខាងស្តាំដាច់ហូរឈាមជោកជាំ ត្រូវបានមិត្តភក្តិបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ ដើម្បីឲ្យថៅកែជួយសម្រួលដោះស្រាយថ្លៃព្យាបាល និងជំងឺចិត្តដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕