ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់ បន្ធូរបន្ថយ​ដល់​ប្រជាពលរដ្ឋ​ទិញ​ផ្ទះ និង​ខុន​ដូរ ក្នុង​បរិបទ​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​១៩

66

 

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់​នៅ​កម្ពុជា ឲ្យ​ធ្វើការ​បន្ធូរបន្ថយ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ និង​ខុន​ដូរ ក្នុង​បរិបទ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​រសៀល​ថ្ងៃនេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​រួម​បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​ពី​បញ្ហា​ប្រឈម នៃ​វិស័យ​អចលនវត្ថុ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​
​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​អនុគ្រោះ​ផ្សេងៗ ដល់​អ្នកទិញ​អចលនវត្ថុ​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា​។​

​ក្នុងស្ថានភាព​បច្ចុប្បន្ន នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​ដោះស្រាយ បញ្ហា​សម្ពោធ​ហិរញ្ញវត្ថុ របស់​ប្រជាពលរដ្ឋ ជា​អ្នកទិញ​អចលនវត្ថុ នៅតាម​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អំពាវនាវ និង​លើកទឹកចិត្ត ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់ សូម​៖

១៖ ពិនិត្យ​ពី​លទ្ធភាព​បន្ធូរបន្ថយ លក្ខខណ្ឌ​បង់​រំលស់ ទៅតាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន​
២៖ លើកលែង ការផាកពិន័យ ចំពោះ​អ្នកទិញ​អចលនវត្ថុ​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា ក្នុងករណី​ដែល​អ្នកទិញ​យឺតយ៉ាវ មិនបាន​បង់ប្រាក់​តាម​កាលកំណត់​
៣៖ មិន​ត្រូវមាន​បន្ទុក​ការប្រាក់ ឬ​ជាប់​ការពិន័យ​បន្ថែម ចំពោះ​ការយឺតយ៉ាវ​ក្នុងការ​បង់ប្រាក់​រំលស់​
៤៖ ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​នានា ដល់​អតិថិជន​របស់​ខ្លួន លើ​ការបង់​រំលស់​អចលនវត្ថុ​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា និង​
៥៖ អនុវត្ត​វិធានការ​ទាំងនេះ ឲ្យ​មាន​ប្រសិទ្ធភាព រហូតដល់​ដំណាច់​ខែមីនា ឆ្នាំ​២០២២​។​

​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​បន្ត​តាមដាន​ការវិវត្ត​សភាពការណ៍​ថ្មីៗ​បន្តទៀត ព្រមទាំង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងការ​អនុវត្ត​វិធានការ​ខាងលើ ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់​៕

អត្ថបទដែលជាប់ទាក់ទង