ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រឡុកសុីម៉ងត៍ បត់ស្តាំកិនយុវជនម្នាក់ជិះម៉ូតូស្លាប់

51

 

ភ្នំពេញ ៖ រថយន្តក្រឡុកសុីម៉ងត៍ បត់ស្តាំជ្រុល កិនយុវជនម្នាក់ជិះម៉ូតូ បែកក្បាលស្លាប់កាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ កែង ផ្លូវហ្គេ្រនភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា តៃកុងរថយន្ត ក្រឡុកសុីម៉ងត៍ ឈ្មោះ សាន សែម អាយុ ២៨ឆ្នាំ មុខរបរជាតៃកុងរថយន្ត មានទីលំនៅភូមិសំរោងក្អែ ស្រុកសំរោងធំ ខេត្តកណ្តាល។

ចំណែក សពជនរងគ្រោះ ឈ្មោះ ជា សុវណ្ណ អាយុ ២៣ឆ្នាំ មុខរបរ ជាងម៉ាសុីនត្រជាក់ រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកគ្លិច ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 1HW-8049 ធ្វើដំណើរតាមបណ្តោយផ្លូវ ហ្គ្រេនភ្នំពេញ ទិសដៅពីលិចទៅកើត ហើយក៏បានឃើញ រថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ5A-1750 បើកដោយបុរសម្នាក់ ក្នុងទិសដៅ ទទឹមគ្នាជាមួយម៉ូតូ ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ កែងផ្លូវលេខ៥៩៨ រថយន្តក៏បានបត់ស្តាំឡើងផ្លូវលេខ ៥៩៨ ខ្វះការប្រុងប្រយ័ត្នជ្រុល ទៅកៀនិងកិន យុវជនដែលជិះម៉ូតូដែលទៅត្រង់ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯតៃតុងរថយន្តក្រឡុកសុីម៉ងត៍ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី១ ដើម្បីធ្វើការសួនាំ។

កម្លាំងសមត្ថកិច្ចចុះធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែចតៃកុងរថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង