ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ណែនាំឲ្យពង្រឹងវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់ និងរបៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័កទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

33

 

ភ្នំេពញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់ និងរបៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័កទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័ក ទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖

១-គ្រប់គោលដៅចត្តាឡីស័ក រួមទាំង លំនៅដ្ឋានឯកជន អគារស្នាក់នៅរួម-ខុនដូ ក្លឹបកម្សាន្ត និងទីតាំងអាជីវកម្ម ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” និងត្រូវបានកំណត់ថាជាទីតាំង ចត្តាឡីស័កទាំងអស់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
២.គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ លើការងារ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តាគោលដៅចត្តាឡីស័កក្នុងដែនសមត្ថកិច្ច ដោយត្រូវបង្កើតក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័កជាក់លាក់ទៅតាមគោលដៅ ឬ តំបន់ប្រមូលផ្ដុំ អាស្រ័យទៅតាមស្ថានភាពភូមិសាស្ត្រ និងទំហំប្រតិបត្តិការ ក្នុងនោះ៖ ក្រុមការងារនីមួយៗ ត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យប្រចាំការ ម្ចាស់ទីតាំង ( ករណីទីតាំងឯកជន) និងភាគីពាក់ព័ន្ធមួយចំនួនទៀតអាស្រ័យលើតម្រូវការចាំបាច់។

៣-ក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក មានតួនាទី និងភារកិច្ច ដូចតទៅ៖
– ដាក់កម្លាំងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ដោយអាចបែងចែកវេនយាមជា ២ ឬ ៣ វេន
-ទទួលខុសត្រូវទាំងស្រុងលើការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជុំវិញបរិវេណគោលដៅចត្តាឡីស័កដែលខ្លួនគ្រប់គ្រង
– ហ៊ុមព័ទ្ធទីតាំង និង /ឬ រៀបចំច្រកទ្វារចេញ-ចូលសម្រាប់ធានាការគ្រប់គ្រង និងត្រួតពិនិត្យ មិនឱ្យមានការចេញ-ចូលដោយសេរី។ រាល់ការចេញ-ចូល ដាច់ខាតត្រូវមានការត្រួតពិនិត្យពី មន្ត្រីសុខាភិបាល និងការអនុញ្ញាតជាមុនពីក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក ដែលកំពុង ឈរជើងនៅទីតាំងនោះ
– គ្រប់គ្រង ឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាក្រុមបុគ្គល ទាំងឡាយ ដែលកំពុងធ្វើចត្តាឡីស័កស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនពិតជាបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមវិធានចត្តាឡីស័កនិងការណែនាំរបស់ក្រសួងសុខាភិបាល
-ក្តាប់ជាប់នូវតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ក្នុងទីតាំងដែលខ្លួនគ្រប់គ្រង ដើម្បីដោះស្រាយ ជូនពួកគាត់។ ក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ និងសុំយោបល់ដឹកនាំពី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសាមី ឬ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
– កត់ត្រាអត្តសញ្ញាណ (ឈ្មោះ, លេខទូរស័ព្ទ និងអាសយដ្ឋាន ) រាល់បុគ្គលដែលបានយកកញ្ចប់ អាហារ ឬ សម្ភារៈផ្សេងៗ ជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងនោះ៖ ក្រុមការងារត្រូវ បាញ់អាល់កុលសម្លាប់មេរោគ និងត្រួតពិនិត្យរាល់កញ្ចប់អាហារ និងសម្ភារៈទាំងនោះ៖ ឱ្យបាន ច្បាស់លាស់ មុននឹងប្រគល់ជូនទៅផ្នែកខាងក្នុង។ ប្រសិនបើមានការសង្ស័យ ត្រូវឃាត់ខ្លួន បុគ្គលនោះ៖ រួចរាយការណ៍ជាបន្ទាន់ទៅគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសាមី
– រៀបចំផែនការសន្តិសុខត្រៀមបង្ការទុកជាមុន សម្រាប់ទប់ទល់រាល់ព្រឹត្តិការណ៍ ឬ ការបង្កចលាចលនានា ដែលអាចកើតមាន ជាយថាហេតុ ក្នុងគោលដៅចត្តាឡីស័កដែលខ្លួនគ្រប់គ្រង។

៤. ចំពោះពេលវេលាដែលអាចអនុញ្ញាតឱ្យនាំចូលនូវកញ្ចប់អាហារ ឬ សម្ភារៈផ្សេងៗ ជូនដល់អ្នកដែល
កំពុងធ្វើចត្តាឡីស័ក ត្រូវបានកំណត់ទៅតាមរបបអាហារ ៣ (បី) ពេល ក្នុងមួយថ្ងៃ រួមមាន

– ពេលព្រឹក ម៉ោង ០៦:០០ នាទី ដល់ ម៉ោង ០៧:00 នាទី
-ពេលថ្ងៃត្រង់ ម៉ោង១១ៈ០០នាទីដល់ម៉ោង១២ៈ០០នាទី
– ពេលល្ងាច ម៉ោង ១៧:00 នាទី ដល់ ម៉ោង ១៨:00 នាទី ។

៥. គ្រប់គោលដៅចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ -១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, អនុក្រឹត្យស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, ប្រកាស និងសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ទទួលបានសេចក្តីណែនាំលេ៖ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក និងម្ចាស់ទីតាំង ចត្តាឡីស័កឯកជន ព្រមទាំងក្រុមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តី ណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អ និងការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង