ចាប់ខ្លួនជនបរទេសម្នាក់ រឹងទទឹងមិនព្រមផ្តល់សំណាក
ភ្នំពេញ ៖ ជនបរទេសម្នាក់ រឹងទទឹងមិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ ត្រូវកម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បង្ខំនាំទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម!
នៅល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បុរសជនជាតិបរទេសម្នាក់ ស្នាក់នៅក្នុងខុនដូរមួយកន្លែង ស្ថិតនៅ ផ្លូវលេខ10BT ភូមិសន្សំកុសល5 សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បានរឹងទទឹង មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។
ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំង គ-អន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការ នៅសាលារាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឲ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តង៕