ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សានុសិស្សរៀនពូកែ និងសិស្សក្រីក្រ ៣០០នាក់ បានទទួលវចនានុក្រមអេឡិចត្រូនិច និងសម្ភារៈសិក្សាពីអភិបាលខណ្ឌច្បារអំពៅ

193

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ អមដោយដំណើរជាមួយមន្រ្តីសាលាខណ្ឌ ចៅសង្កាត់ និងលោកនាយកវិទ្យាល័យច្បារអំពៅ បានអញ្ជើញចែកវចនានុក្រមអេឡិចត្រូនិច និងសម្ភារៈសិក្សាជាច្រើនមុខទៀត ដល់សិស្សានុសិស្សរៀនពូកែ និងសិស្សក្រីក្រ មកពីបណ្តាសង្កាត់ទាំង៨ និងសិស្សវិទ្យាល័យច្បារអំពៅ ចំនួន៣០០នាក់ នៅវិទ្យាល័យច្បារអំពៅ ។


នៅក្នុងឱកាសនោះ លោក អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា អំណោយជាសម្ភារៈ សិក្សាខាងលើនេះ ជាការជួយឧបត្ថម្ភរបស់ធនាគារកាឌីយ៉ា ក.អ ដើម្បីរួមចំណែកមួយផ្នែក ដល់ឪពុកម្តាយ និងអាណាព្យាបាលរបស់សិស្ស ក្នុងការចំណាយលុយទិញសម្ភារៈទាំងអស់នេះ ។លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានថ្លែងបង្ហាញពីការយកចិត្តទុកដាក់គិតគូរ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេច តែងតែបានគិតគូរ ពង្រឹកបន្ថែមតាមរយៈយន្តការកែទម្រង់ របស់ក្រសួងអប់រំ ឃើញថា ការប្រឡងប្រជែងនៅតាមគ្រឹះស្ថានឧត្តមសិក្សា ពិសេសការប្រឡងទុតិយភូមិឃើញថា គុណភាពចំណេះដឹង ។


ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់ប្អូនក្មួយៗសិស្សានុសិស្ស ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីកសាងខ្លួនឲ្យ ក្លាយជាមន្រ្តីរាជការ ជាអ្នកជំនួញដ៏ល្អ ជាអ្នកមានទ្រព្យសម្បត្តិ។ ប្អូនៗ ក្មួយៗ មិនត្រូវផ្តេកផ្តួល ទៅតាមកម្មផល ហើយមិនត្រូវគិតថា ទាល់តែយើងមានធនធាន មានឪពុកម្តាយ ចាំបីបាច់ថែរក្សា ទំនុកបម្រុងលុយកាក់ ទើបខ្លួនយើងអាចក្លាយជាមន្រ្តីរាជការ ជាអ្នកមានមុខមាត់នៅក្នុងសង្គមនោះទេ។ ចំណេះដឹងរបស់ក្មួយៗ ត្រូវបានរាជរដ្ឋាភិបាល មិនមើលរំលងនោះទេ គឺដូចក្មួយៗអ្នកមានឪពុកម្តាយគ្រប់គ្រងអីចឹងដែរ។


ឆ្លៀតក្នុងឱកាសលោក បានស្នើឱ្យក្មួយប្រឹងប្រែងសិក្សា រៀនសូត្រ ក្រេបជញ្ជក់ យកទាំងចំណេះដឹង ចំណេះធ្វើ មកដាក់ក្នុងខ្លួនឱ្យបានច្រើន ព្រោះនៅលើលោកនេះ ក្នុងខ្លួនមនុស្សម្នាក់ៗ គ្មានអ្វីអស្ចារ្យក្រៅពីចំណេះវិជ្ជានោះឡើយ ម្យ៉ាងមួយទៀត ក្មួយៗទាំងអស់ គឺជាសសរទ្រូងប្រទេសជាតិ ជាអ្នកមើលថែប្រទេសជាតិ ឲ្យរីកលូតលាស់កាន់តែខ្លាំងទៅថ្ងៃមុខ នាពេលបច្ចុប្បន្ន ។ លើសពីនេះ លោកបានអំពាវនាវ អោយក្មួយៗត្រូវជៀសឆ្ងាយពីគ្រឿងញៀន និង ក្រុមសង្គមងងឹតផងដែរ ។
ក្នុងឱកាសនោះដែរលោក ចេង មុនីរ៉ា បានអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់ ជាពិសេសសិស្សថ្នាក់ទី១២ ដែលជាឆ្នាំប្រឡងបញ្ចប់វិទ្យាល័យ មិនត្រូវដើរលេងច្រើននោះទេ និងមិនត្រូវលេងហ្គេម នៅពេលសិក្សាឡើយ ពោលត្រូវខិតខំរៀនសូត្រ ឲ្យបានខ្លាំង ។ នៅពេលប្អូនខិតខំរៀនសូត្រ ប្អូនមានចំណេះដឹង ប្អូនប្រឡងជាប់ ហើយពិសេសនៅពេលប្អូនប្រឡងជាប់ ប្អូនទទួលបានការលើកទឹកច្រើនណាស់ ពីរាជរដ្ឋាភិបាល ពីវិស័យឯកជននានា ហើយអ្វីដែលប្អូនទទួលបានមុនគេ គឺចំណេះដឹង សម្រាប់ប្អូនឈោងទៅចាប់យកអាជីពផ្សេងៗ តាមជំនាញរបស់ប្អូន ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិយើងដូចសព្វថ្ងៃនេះ ។លោកអភិបាលខណ្ឌ បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ របស់ម្ចាស់អំណោយខាងលើនេះ ដែលបានផ្តល់សម្ភារៈសិក្សា ដល់សិស្សានុសិស្ស ហើយសង្ឃឹមថា នឹងផ្តល់ជាបន្តបន្ទាប់ទៀត ៕

    

អត្ថបទដែលជាប់ទាក់ទង