ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូពេទ្យពីររូប បម្រើការងារ នៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ»កើតជំងឺកូវីដ១៩

44

 

ភ្នំពេញ ៖ រដ្ឋបាលស្រុកបាធាយបានឲ្យដឹងថា គ្រូពេទ្យពីររូបបម្រើការងារនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ត្រូវបានអះអាងថា កើតជំងឺកូវីដ១៩។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅបន្ទប់ពិគ្រោះព្យាបាល “សាន ភីរ៉ូ” ឫស្សីកែវ ទល់មុខស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខផ្សារឆេកូ (ផ្សារ គីឡូម៉ែត្រលេខ ៦) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ តទៅ។ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19)។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបានចេញ ចូលរកសេវាព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ដែលមានលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅវិទ្យាល័យ បាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ ដោយឡែកអ្នកដែលបានចេញចូលទីតាំងខាងលើ ឬប៉ះពាល់ជាមួយគ្រូពេទ្យនៅទីនេះ តែមិនទាន់ចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

រដ្ឋបាលស្រុកបាធាយ មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកបាធាយ ពិសេសប្រជាពលរដ្ឋរស់នៅភូមិសង្ខេប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងការរកឃើញករណ៍វិជ្ជមានលើក្រុមគ្រូ ពេទ្យឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ថាន់ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺ សាន ភីរ៉ូ នៅរាជធានីភ្នំពេញ។ ២.ឈ្មោះ សេង ស្រស់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺសាន ភីរ៉ូ នៅរាជធានីភ្នំពេញ។

អ្នកពាក់ព័ន្ធអ្នកទាំងពីរនេះផ្ទាល់ ៖

១.នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផាត កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កែប ឃុំសំបូរ ស្រុកបាធាយ បានទៅព្យាបាលជំងឺនៅបន្ទប់ពិគ្រោះជំងឺ សាន ភីរុ នៅរាជធានីភ្នំពេញ។

២.នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ជួប សារ៉ែន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កែប ឃុំសំបូរ ស្រុកបាធាយ ជាម្តាយដែលបានទៅកំដរជាមួយនៅពេលទៅព្យាបាលជំងឺនៅបន្ទប់ពិគ្រោះជំងឺ សាន ភីរ៉ូ នៅ រាជធានីភ្នំពេញ។ បន្ទាប់មកអ្នកទាំងពីរ ក៏បានត្រឡប់មកផ្ទះនៅភូមិសង្ខេប ឃុំសំបូរ ស្រុកបាធាយ នៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១។

បន្ទាប់ពីបានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ទាំង២នាក់ ខាងលើ រដ្ឋបាលស្រុកបាធាយ បានចាត់ឲ្យមន្ត្រីសុខាភិបាលនាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបន្តតាមដាន និងយកសំណាក ទៅពិនិត្យ។

រដ្ឋបាលស្រុកបាធាយ សូមអំពាវនាវ ដល់អ្នកដែលបានពាក់ព័ន្ធនឹងអ្នកទាំងពីរខាងលើ តាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកបាធាយ និង ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់។ ជាមួយគ្នានេះ សូមអំពាវនាវដល់បងប្អូនដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើ ចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរដ្ឋបាលស្រុកបាធាយ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងនារីខាងលើ ត្រូវតែ អនុវត្តយ៉ាងម៉ឺង តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុម គ្រួសារ និងសហគមន៍ឲ្យជៀសផុតពីជំងឺកូវីដ-១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង