អត់ខ្វល់ពីរឿងកូវីដអី្វបន្តិចសោះ នាំគ្នាទាំងក្រុមប្រើកាំភ្លើងច្នៃដើរបរបាញ់សត្វនៅស្រុកបាណន់ ត្រូវឃាត់ខ្លួនចំនួន៤នាក់ បញ្ជូនទៅតុលាការ
បាត់ដំបង ៖ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៧និង៣២ នាទី នៅចំណុចក្រុមទី ១៤ ភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំពីលោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមជាមួយក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលមាន លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុក ចុះប្រតិបត្តិការ បង្ក្រាបករណី កែច្នៃតម្លើង ជួសជុល កាន់កាប់ និងចែកចាយ ( អាវុធកែច្នៃបាញ់គ្រាប់កង់ )០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៤ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងនោះជនសង្ស័យចំនួន ០៤ នាក់រួមមាន៖ ១-ឈ្មោះ សាន រក្សា ហៅ ប្រុស អាយុ ២៦ ឆ្នាំ ២-ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ ៣០ ឆ្នាំ ៣-ឈ្មោះ ឈឿង សុភ័ក្រ្ត ភេទប្រុស អាយុ ២៦ ឆ្នាំ ៤-ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទប្រុស អាយុ ២៥ឆ្នាំ ជនសង្ស័យ ចំនួន ០៤ នាក់ខាងលើ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖ - កាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ចំនួន ០៥ដើម - ដងឈើកែច្នៃធ្វើស្វ័យកាំភ្លើង ចំនួន ០២ ដើម - កាំបិតកែច្នៃ ចំនួន ០១ ដើម - ពូថៅ ចំនួន ០១ - គ្រាប់ កង់(បាដាង)ចំនួន ០២ កំប៉ុង - ទូរស័ព្ទដៃ ម៉ាក Realme ពណ៌ខៀវ ០១ គ្រឿង
- កាបូបស្ពាយ ពណ៌ កាហ្វេ ចំនួន ០១ - អាវប៉ារ៉ា ដៃវៃង ចំនួន ០១ - ម៉ូតូចំនួន ០៣ គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាន រក្សា ហៅ ប្រុស បានឆ្លើយសារភាពថា ៖ ខ្លួនបានកែច្នៃតម្លើង ( អាវុធកែច្នៃបាញ់គ្រាប់កង់បាដាង ) បានចំនួន ០៧ ដើម កន្លងមកហើយ ហើយក៏បានលក់ ទៅឱ្យអ្នកស្គាល់គ្នានៅភ្នំពេញបានចំនួន ០៣ ដើមផងដែរ ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួនពួកគេកំពុងដើរបរបាញ់សត្វ នៅក្នុងមូលដ្ឋានខាងលើ ដោយមិនខ្វល់ខ្វាយពីរឿងកូវីដអ្វីបន្តិចសោះ ហើយសកម្មភាពខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕