ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩

41

ភ្នំពេញ៖នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខភម
មេបញ្ជាការកងទ័ពជើង ក្នុង ឱកាសដឹកនាំអនុវត្តលំហាត់ហ្វឹកហ្វឺនគ្រប់គ្រងដំណើរការមន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ- ១៩ “ពេទ្យនគរទេព”ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល យោធិនសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ កម្លាំងកងរាជអាវុធ ហត្ថ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធនានា ដែលបានរួបរួមសាមគ្គីគ្នា ខិតខំទាំង យប់ទាំងថ្ងៃក្នុងការរៀបចំមន្ទីរពេទ្យមួយបន្ថែមទៀត រហូតរួចរាល់ជាស្ថាពរដើម្បីត្រៀមសង្គ្រោះអាយុជីវិតអ្នក ជំងឺកូវីដ-១៩ ដែលកំពុងកើន ឡើងជាបន្តបន្ទាប់ ចាប់តាំងពីព្រឹត្តិការណ៍ ២០-កុម្ភៈ កន្លងមក។

ឯកឧត្តម បានបន្តលើកឡើងថា ក្រៅពីការរៀបចំមន្ទីរពេទ្យរួចរាល់ក្នុងរយៈពេល ១៦ថ្ងៃកន្លងមក ការហាត់សមនៅថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាពអនុវត្តនីតិវិធី និងបទដ្ឋានប្រតិបត្តិទាំងផ្នែកវេជ្ជសាស្ត្រ និងរដ្ឋបាល សំដៅធានាប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ និងផ្តល់សុវត្ថិភាពខ្ពស់ដល់ក្រុមការងារស្ម័គ្រចិត្ត ព្រម ទាំងក្រុមគ្រូពេទ្យប្រតិបត្តិជួរ មុខរបស់យើងផងដែរ។

មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ “ពេទ្យនគរទេព” មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរហើយ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ “The Great Duke” ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងរយៈពេល ប្រមាណ ៣៣ម៉ោងក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យទីពីរនេះ គឺជាអតីតមន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។

សូមជម្រាបថាដោយស្ថានភាពរីករាលដាលនៅតែបន្តកើន ឡើង និងក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រុមការងារពាក់ ព័ន្ធដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុនហេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចុះរៀបចំ និងត្រួតពិនិត្យដោយផ្ទាល់ ចាប់ពីថ្ងៃទី១១ ខែមីនា រហូតរួចរាល់ជាស្ថាពរនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ដោយ មានលទ្ធភាពអាចទទួលអ្នក ជំងឺរហូតជិត ៤០០នាក់៕

អត្ថបទដែលជាប់ទាក់ទង