ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមុខងារសាធារណៈ បង្វែរសំណុំរឿង នៃពាក្យបណ្តឹងតវ៉ារបស់ លោក ខឹម មុនីកុសល ជាមន្ត្រីសុខាភិបាល ទៅរដ្ឋបាលខេត្តប៉ៃលិន

95

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២១បាន លិខិតស្ដីពីការបង្វែរសំណុំរឿងនៃពាក្យបណ្តឹងតវ៉ារបស់ លោក ខឹម មុនីកុសល ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីសុខាភិបាល ទៅរដ្ឋបាលខេត្តប៉ៃលិន ដើម្បីចាត់ការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានស្នើឲ្យលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ចាត់ចែងអនុវត្តនិងដោះស្រាយឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានថ្លែងថា តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជ្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈបានទទួលពាក្យបណ្តឹងតវ៉ា របស់លោក ខឹម មុនីកុសល ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីសុខាភិបាលនៅការិយាល័យបង្ការនិងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដែលបានដាក់ពាក្យប្តឹងជំទាស់នឹងដីកាលេខ០១៨ /២១ ដក .តត របស់រដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យថ្នាក់ទី២។

អនុលោមមាត្រា៦៧ដល់មាត្រា៧០ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ឯកឧត្តមព្រុំ សុខា សូមបង្វែរពាក្យបណ្តឹងតវ៉ានេះ ទៅរដ្ឋបាលខេត្តប៉ៃលិន ដើម្បីបង្កើតគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈខេត្តប៉ៃលិន ក្នុងការដោះស្រាយករណីនេះ ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលមានជាធរមាន។

អាស្រ័យហេតុនេះ សូម លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ចាត់ចែងអនុវត្តនិងដោះស្រាយឱ្យទទួលបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា អភិបាលខេត្តប៉ៃលិន បានសម្រេចបណ្តេញមន្ត្រីសុខាភិបាលម្នាក់ ចេញពីក្របខ័ណ្ឌ ដោយគ្រាន់តែលោកបង្ហោះសារត្អូញត្អែរពីទុក្ខលំបាកនៅមណ្ឌលចក្តាឡីស័ក ខេត្តប៉ៃលិន។

លោក ខឹម មុនីកុសល ជាមន្ត្រីនៅការិយាល័យ បង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន បានសរសេរ បង្ហោះហ្វេសប៊ុក «Khem Monykosal» ដោយដាក់ចំណងជើងថា «បញ្ហាដែលពេទ្យប្រចាំការនៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល»។ លោកលើកបង្ហាញថា«មន្ត្រីពេទ្យ ជាបុគ្គលិក ស្រីត្រូវបានបងប្អូន យើងដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ។ ពេទ្យ ប្រចាំការ តាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលបានការប្រមាថ បែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។ មិនមែនពេទ្យគួរទទួលខុសត្រូវ ផ្តាច់មុខអញ្ចឹងទេ។ ការងារចែកបាយក៏មិនគួរ តែពេទ្យជាអ្នករាប់រង តែឯងដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធគួរតែរួមចំណែក ជួយ មិនមែន មកអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេទេ»។

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិតសម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌ មន្ត្រីសុខាភិបាលជាន់ខ្ពស់ ដោយមូលហេតុ ត្រូវបាន លោកស្រីអភិបាលខេត្ត លើកឡើងថា «ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គង ក្នុងវិជ្ជាជីវៈ» ។

រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលដែលជាស្ថាប័នដើមខ្សែ គួរតែពិនិត្យមើលអំណាចរបស់អភិបាលខេត្តប៉ៃលិន ពាក់ព័ន្ធនឹងការសម្រេចបណ្តេញមន្រ្តីចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៉ីវិល ថាតើស្របតាម«ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៉ីវិល នៃព្រះរាជាណាចក្រកម្ពុជា» ដែរឬទេ?

ការសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលដែលមន្រ្តីរាជការណាម្នាក់រំលោភលើបម្រាមនៃមាត្រា៣៥ ត្រូវអនុវត្តតាមនីតិវិធី ដូចមានចែងក្នុងមាត្រា៣៩ និង មាត្រា៤០ នៃ «ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៉ីវិល»។ យោងតាមច្បាប់នេះ មានទណ្ឌកម្មរដ្ឋបាលមួយចំនួនត្រូវអនុវត្តជាមុនសិន ទើបឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ វៀរលែងតែប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

ការតែងតាំង ការតម្លើងថ្នាក់ ការផ្លាស់ប្តូរ ការដាក់ក្រៅតំណែង ឬការដាក់ឱ្យនៅក្រៅក្របខ័ណ្ឌ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស។ ការបញ្ឈប់ឱ្យធ្វើការដោយបង្ខំ ការដាក់ឱ្យចូលនិវត្តន៍មុនកំណត់ និងការហូតងារនៃអ្នករាជការក្របខ័ណ្ឌត្រូវសម្រេចដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស ស្របតាមលក្ខន្តិកៈដោយឡែកនៃអ្នករាជការនេះ (មាត្រា៥)។

អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីបំភ្លឺជម្រាបជូនសាធារណៈជន ដែលប្រើប្រាស់បណ្តាញព័ត៌មាន សង្គមពាក់ព័ន្ធនឹងដីកាលេខ០១៨/២១ដក.តត ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ប៉ៃលិន ស្តីពីការដាក់ទណ្ឌកម្មវិន័យថ្នាក់ទី២ ទៅលើឈ្មោះ ឌឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការ បកស្រាយខុសពាក់ព័ន្ធនឹងដីកានេះ ។

រដ្ឋបាលខេត្តប៉ៃលិន សូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបជា លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងតួនាទីគាត់មិនដែលមក បំពេញការងារក្នុងអង្គភាព គាត់តែងតែព្យាយាមបង្កការញុះញ៉ង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព មន្ទីរសុខាភិបាលខេត្ត។

ដោយមានកំហុសឆ្គង ជាបន្តបន្ទាប់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេច ស្នើសុំមករដ្ឋបាលខេត្ត ដើម្បីបញ្ចប់ភារកិច្ចកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ យោងតាមលិខិត ស្នើសុំនេះ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ពិនិត្យឃើញជាគាត់ពិតជាមាន កំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន និងបានសម្រេចបញ្ចប់តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មក ជាមន្ត្រីតាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង