ក្រសួងបញ្ជាក់ថា បុរសម្នាក់ស្លាប់នៅមណ្ឌលសុខភាពចាក់អង្រែ ដោយសារ ជំងឺស្ទះសរសៃឈាមបេះដូង មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ទេ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមីនានេះ បានបញ្ជាក់ថា យោង តាមការផ្តល់ព័ត៌មានរបស់មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ដែលរស់នៅផ្ទះលេខ ៣B ឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ភ្លាមៗ លើអ្នកជំងឺមានផ្ទុកវីរុំសកូវីដ-១៩ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង២០:៣០នាទីយប់ ។
អ្នកជំងឺខាងលើ ត្រូវបានយកសំណាក និងចេញលទ្ធផលឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ ហើយត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល។ ក្នុងរយៈពេលព្យាបាលចំនួន ០៨ថ្ងៃកន្លងមក អ្នកជំងឺនេះ មិនមានរោគសញ្ញាអ្វីដែលបង្ហាញពីការវិវត្តន៍ទាក់ទងនឹងជំងឺកូវីដ-១៩ គួរឱ្យកត់សំគាល់ឡើយ រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០និង៣០នាទីយប់ អ្នកជំងឺមានចេញរោគសញ្ញាឈឺចុកក្នុងទ្រូងខ្លាំងភ្លាមៗ ដែល ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលភ្លាមៗ តែមួយសន្ទុះក្រោយមក អ្នកជំងឺបានបាត់បង់ស្មារតី។ ទោះជាក្រុមគ្រូពេទ្យបាន ព្យាយាមសង្គ្រោះតាមបច្ចេកទេស ដោយធ្វើចលនាបេះដូង និងការប្រើប្រាស់ថ្នាំជំនួយបេះដូងទៅតាមបច្ចេកទេស ប៉ុន្តែនៅ តែមិនអាចជួយសង្គ្រោះបាន ហើយអ្នកជំងឺ ក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ២១និង៤០នាទីយប់នៃថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២១។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ ស្ទះសរសៃឈាមបេះដូងភ្លាមៗ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ -១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព៕