ជិះម៉ូតូលឿន បុករថយន្តព្រូស កំពុងបត់ឆ្លងផ្លូវ រងរបួសធ្ងន់ សង១៥០០ដុល្លារបញ្ចប់រឿង
ភ្នំពេញ ÷ យុវជន២នាក់បានជិះម៉ូតូធំមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូស កំពុងតែបទឆ្លងផ្លូវបណ្តាលឲ្យម្ចាស់ម៉ូតូប៉ើង ទៅមុខជាច្រើនម៉ែត្រ រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកម្ចាស់រថយន្តព្រូស ត្រូវសមត្ថកិច្ចឃាត់ឲ្យនៅជួយដោះស្រាយ នៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១ និង ២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ ចំណុចជាប់ផ្សារកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវ ១៣០ កែងផ្លូវ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2-BC 6763 បើកបរដោយបុរសម្នាក់ ធ្វើរដំណើរតាមបណ្តោយផ្លូវ ១៣០ ក្នុងទិសដៅពីលិចទៅកើត បម្រុងបត់ឆ្វេងឡើងតាមបណ្តោយផ្លូវ១៣ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញបុរស២នាក់ជិះ ម៉ូតូធំមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1-IS 0286 ធ្វើដំណើរតាមបណ្តោយផ្លូវ១៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកបុកចំពីចំហៀងឆ្វេងខាងមុខ រថយន្តព្រូសពេញទំហឹង បណ្តាលឲ្យបុរស២នាក់ ជាម្ចាស់ម៉ូតូម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុខាងលើសមត្ថ កិច្ចមូលដ្ឋានសហការ ជាមួយជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់ដោយភាគីខាងម្ចាស់រថយន្ត មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណងបញ្ចប់រឿង នៅកន្លែងកើតហេតុ ចំនួនទឹកប្រាក់ ១៥០០$ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕