បាត់ដំបង សម័យលោកម្ចាស់
ភ្នំពេញ ៖ លោកប្រាក់ វណ្ណដា ហៅឡាហោ បានសរសេររៀបរាប់ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកថា ខ្ញុំសូមបង្ហាញរូបភាព «កំពែង» ឬហៅ «កំផែង» ដែលជាបន្ទាយការពារក្រុងបាត់ដំបង ថតក្នុងឆ្នាំ១៩០១ កំពែងនេះបានកសាងឡើងក្នុងឆ្នាំ១៨៣០ ក្នុងរាជ្យព្រះ អង្គអឹម ហើយនៅឆ្នាំ១៨៣៧ កំពែងនេះបានកសាងបន្ថែមឱ្យកាន់តែរឹងមាំដោយមានជំនួយពីស្ដេចសៀម ជាពេលដែលសៀមគ្រប់គ្រងបាត់ដំបងចាប់ពីឆ្នាំ១៧៩៥ ដល់ ១៩០៧ (សៀមបានប្រែឈ្មោះជាខេត្តព្រះដំបង )។
កាលពីក្នុងសម័យបុរាណ ជនជាតិសៀមបានយកពាក្យខ្មែរថា កំពែង នេះទៅប្រើថា «កាំពែង» ដោយសៀមអានថា «កាំផែង» ព្រោះអក្សរ “ព” សៀមមានខ្យល់ជា “ផ” ខ្មែរ លុះដល់សម័យតមក ខ្មែរខ្លះយកសំដីនេះមកប្រើថា «កំផែង» ឃ្លាតក្លាយពីសំដីសៀម ដែលថាតាមសំដីខ្មែរពុំច្បាស់នោះក៏មាន។
ឯកសារលោក តូច ឈួន ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «បាត់ដំបងសម័យលោកម្ចាស់» ថា កំពែងនេះធ្វើពីឥដ្ឋបូកបាយអរ មានរាងចតុកោណកែង មានបណ្តោយ ១៨សិន (៧២០ម៉ែត្រ) ទទឹង ១២សិន (៤៨០ម៉ែត្រ) កំពស់ ៥ហត្ថ កំរាស់ ២ហត្ថមួយចំអាម។ កំពែងនេះខាងជើងទល់និង ចន្លោះផ្លូវ ប្រៃសណីយ៍ និងរោងចក្រអគ្គីសនី ខាងកើតទល់និងផ្លូវលេខ១ ខាងត្បូងទល់រោងអារឈើ ហូតុង ហាន់ រីឯខាងលិចស្របតាមខាងក្រោយវត្តកំផែង ។ បើគេមើលពីខាងក្រៅកំពែងនេះជាជញ្ជាំងខ្ពស់ចោត តែនៅខាងក្នុងគេពូនដីឱ្យមានរាងទេរផ្ទប់និងជញ្ជាំង ដើម្បីឱ្យទាហានការពារបន្ទាយងាយនិងឡើងមកទប់ទល់ជាមួយសត្រូវដែលនៅក្រៅកំពែង នៅលើដីទេរនេះគេដាំសុទ្ធតែដើមចំប៉ាក្រហម។
កំពែងនេះមានក្លោងទ្វារ៦ គឺខាងកើតមានពីរ ខាងលិចមានពីរ ខាងជើង និងខាងត្បូងមានក្លោងទ្វារតែមួយៗទេ ។ កំពែងនេះមានប៉ម៦ ធ្វើញោច ចេញមកក្រៅបន្តិច ប៉មនីមួយៗសំរាប់ដាក់កាំភ្លើងធំ ហើយប៉មកណ្តាលប៉ែកខាងកើតគេដោតទង់ជាតិយ៉ាងខ្ពស់ពណ៌ក្រហមមានរូប ដំរីសនៅកណ្តាល ដែលជាទង់ជាតិសៀមនាសម័យនោះ។
ក្នុងកំពែងនោះគឺរស់នៅ និងគ្រប់គ្រងដោយត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺឧកញ៉ា យមរាជ (បែន) ជាត្រកូលបានគ្រប់គ្រងខេត្តបាត់ដំបងដល់ទៅ៦ជំនាន់ រៀងតគ្នាជាលំដាប់រហូតមកចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧។
បែន ដែលបានកាន់អំណាចជាស្ដេចត្រាញ់ដំបូង បានស្លាប់នៅឆ្នាំ១៨០៩ ឈ្មោះ ប៉ែន ជាកូនក៏ឡើងបន្តការងារនេះទៀតបានកាល ៧ឆ្នាំក៏ស្លាប់បាត់ទៅ។ បន្ទាប់មក រស់ ជាកូនរបស់ ប៉ែន ក៏ឡើងបន្តទៀត រហូតដល់ឆ្នាំ១៨៣៥។ លុះអស់ពីឈ្មោះ រស់ ទៅ កូនរបស់ រស់ ឈ្មោះ នង ក៏ឡើងបន្តទៀត (គេមិនដឹងថា នង ស្លាប់នៅឆ្នាំណានោះទេ) តែក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ ១៨៩៤។ កូនរបស់ យារ ឈ្មោះ ឈុំ ក៏បានឡើងបន្តដំណែងពីឪពុក ខ្លួនដោយសម្លាប់ បងថ្លៃរបស់ខ្លួនជាសាសន៍សៀមព្រោះឮថា ព្រះចៅសៀម ចង់លើកនាយ បងថ្លៃនោះឱ្យឡើងគ្រងខេត្តបន្តពីឪពុករបស់ខ្លួន ។
ឈុំ អភ័យវង្ស នេះគេចាត់ទុកជាមនុស្សសាហាវឃោរឃៅប្រហាក់ប្រហែលទៅនឹងជីតាជំនាន់ទី១ បែន របស់ខ្លួនដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧៕