ម្ចាស់សារសំឡេងថា “មានការបិទទីក្រុងភ្នំពេញ” ចូលខ្លួនសារភាពកំហុស និងសុំទោសជាសាធារណ:
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ វ៉ាន់ រចនា ដែលបានយកសារសំឡេងបុគ្គលមិនស្គាល់អត្តសញ្ញាណ មកផ្សព្វផ្សាយជាមួយនឹងរូបភាព ដែលថា មានការបិទទីក្រុងភ្នំពេញ បានចូលខ្លួនសារភាពកំហុស និងសុំទោសជាសាធារណ: ចំពោះកំហុសរបស់ខ្លួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤០នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅជនសង្ស័យឈ្មោះ វ៉ាន់ រចនា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនី Tiktok ដែលមានឈ្មោះ Rachana BK ដោយបានបង្ហោះវីដេអូមានខ្លឹមសារជាសំឡេង “ ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងអោយចូលភ្នំពេញ……” ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូនែការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមពិតជាក់ស្តែង រហូតមកដល់ពេលនេះ មិនមានគោលការណ៍ណាមួយ ឲ្យមានការបិទច្រកចេញចូលរាជធានីភ្នំពេញនោះទេ ។
ក្រោយពីទទួលកំហុសជាសាធារណ: ធ្វេីការណែនាំអប់រំ និងធ្វេីកិច្ចសន្យា រួចមក សមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ។ សូមចូលរួមទប់ស្កាត់ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ !!!៕