រថយន្តលាយបេតុង កិនស្ត្រីម្នាក់ស្លាប់ ឯតៃកុងរថយន្តបង្ករត់បាត់
ភ្នំពេញ ៖ រថយន្តលាយបេតុង១គ្រឿង បើកក្នុងល្បឿនលឿនជ្រុលទៅកៀរអ្នកជិះម៉ូតូ រួចកិនបណ្ដាលឲ្យប្រពន្ធដាច់ជា២កំណាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសជាប្ដីរងរបួសស្រាល កាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភ្លើងស្តុប ស្ថិតនៅតាមផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះហ៊ន ភារិន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល និងស្នាក់នៅម្ដុំជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ប្ដីឈ្មោះសារិន សំអាន អាយុ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿងពាក់ផ្លាកលេខកំពង់ធំ1L-9853 ជាមួយប្ដី ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយប្ដីជាអ្នកឌុប ចេញពីផ្ទះជួលទៅស្រុកកំណើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងដៃចូលទៅមហាវិថីឈ្នះឈ្នះ ស្របពេលនោះ មានរថយន្តលាយបេតុងម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ5A-1034 បើកបរស្របគ្នាទៅដល់កៀរពីក្រោយ បណ្ដាលឲ្យដួលហើយប្រពន្ធខ្ទាតចូលក្រោមកង់រថយន្ត កិនដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗ ចំណែកប្ដីខ្ទាតចេញរងរបួសស្រាល។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ហើយនគរបាលមូលដ្ឋាន បានចុះទៅកាន់ទីនោះ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕