ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រកាសថា ថ្ងៃនេះមានអ្នកជំងឺកូវីដ ចំនួន២នាក់បានស្លាប់ គឺស្ត្រីអាយុ ៧០ឆ្នាំ និង ៦៧ឆ្នាំ

45

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅល្ងាចថ្ងៃទី១ ខែមេសា នេះថា យោងតាមរបាយការណ៍ ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ដែលរស់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦និង៤០នាទីព្រឹក និងស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញបានស្លាប់ បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទីព្រឹក។

ក្រសួងសុខាភិបាលបានបន្តថា ករណីស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ត្រូវបានបញ្ជាក់ ថាមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដែលលទ្ធផលទទួលបានពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពហត់ខ្លាំងនិងធ្ងន់ធ្ងរ តម្រូវឱ្យគ្រូពេទ្យនៅមណ្ឌលសុខភាពចាក់អង្រែបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមប្រចាំកាយផង។

ទោះបីក្រុមគ្រូពេទ្យបានខិតខំព្យាបាល ដោយយកចិត្តទុកដាក់តាមលក្ខណៈបច្ចេកទេស យ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៤០នាទីព្រឹក។

ករណីស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ត្រូវបានបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលលទ្ធផលទទួលបានពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយអ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដដែល។

ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីដំបូងដែលតម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ និងខិតខំព្យាបាលដោយយកចិត្តទុកដាក់ តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០ នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ៖ ករណីស្ត្រីជនជាតិខ្មែរអាយុ ៧០ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារស្រីរូបនេះមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាមប្រចាំកាយ រួមទាំងមានវិបត្តិផ្លូវដង្ហើមធ្ងន់ធូរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។ -ករណីស្ត្រីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និង រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ មានមនុស្សចំនួន ១៦នាក់ ហើយបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង