រាល់កិច្ច ឬពិធីសាសនា នៅតាមវត្តអារាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវធ្វើឡើងតាមការកំណត់ របស់អាជ្ញាធរមានសមត្ថកិច្ច
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាមបណ្តាវត្តអារាម និង វិហារសាសនាផ្សេងៗ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពី ថ្ងៃ ពុធ ៣កើត ដល់ថ្ងៃសុក្រ ៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ១៥ និង ១៦ ខែ មេសា ឆ្នាំ ២០២១។
បើតាមឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា ក្រសួងធម្មការ និងសាសនា មានកិត្តិយសសូមទូលថ្វាយ ប្រគេននិងជូនដំណឹងដល់ សម្តេច ព្រះសង្ឃនាយកទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងបណ្តាអង្គភាពចំណុះឱ្យក្រសួង ព្រះមេត្តា-មេត្តា ជ្រាបថា ជារៀងរាល់ឆ្នាំនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពុទ្ធបរិស័ទ និងសាសនិកក្នុងសាសនា ផ្សេងទៀត តែងបានប្រារព្ធកម្មវិធីកម្សាន្តសប្បាយនានា ដើម្បីអបអរសាទរ នៅតាមបណ្តាវត្តអារាម និងវិហារ ផ្សេងៗ។ ដោយឡែកនៅក្នុងឆ្នាំ២០២១នេះ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ នៅមិនទាន់មានការធូរស្បើយ និងអនុលោមតាមសារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ក្រសួងសូមក្រើនរំលឹកឱ្យមានការយកចិត្តទុកដាក់អនុវត្តនូវបណ្តាវិធានការ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និង សូមណែនាំ បន្ថែមដូចខាងក្រោម៖
១. រាល់កិច្ច ឬពិធីសាសនា នៅតាមវត្តអារាម ត្រូវធ្វើឡើងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
២. គ្រប់វត្តអារាម និងវិហារសាសនាផ្សេងៗ ត្រូវរក្សាឱ្យបានខ្ជាប់ខ្លួនក្នុងការអនុវត្តវិធានការ “៣ ការពារ” និង «៣ កុំ” ព្រមជាមួយវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
៣. ចៀសវាងឱ្យបាននូវការរៀបចំកិច្ច ឬពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។
ទទួលបានសេចក្តីណែនាំនេះ សូមសម្តេចព្រះសង្ឃនាយកទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងបណ្តាអង្គភាពចំណុះឱ្យក្រសួងទាំងអស់ ព្រះមេត្តា-មេត្តាផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួម អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕