ក្នុងយប់ទី១ នៃការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានី អាជ្ញាធរខណ្ឌទាំង១៤ ឃាត់យានយន្តជាង៣០គ្រឿង
ភ្នំពេញ ៖ អនុវត្តតាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ មេសានេះ ឃើញថា គ្រប់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្មបំផុត ហើយក្នុងខណ្ឌទាំង១៤នេះ មានតែខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ ដែលឃាត់យកយានយន្តទៅរក្សាទុក នោះ ឃាត់បានយានយន្តជាង៣០គ្រឿង បញ្ជូនមករក្សាទុកនៅអធិការរដ្ឋានខណ្ឌ និងបានឱ្យអ្នកបើកបរទៅធ្វើចត្តាឡីស័កនៅផ្ទះ។
ដើម្បីក្កាប់បានសភាពការណ៍ទូទៅក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្ដើមអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ រយះពេល១៤ថ្ងៃពីថ្ងៃទី១មេសាដល់ថ្ងៃ១៤មេសានោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០២ខែមេសានេះដែរ ក៏បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំង របស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ អនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី១៤ មេសា ចាប់ផ្ដើមពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅ កាលពីរាត្រីថ្ងៃទី០២ មេសារនេះ គឺបានចុះទៅគោលដៅនៃខណ្ឌ ដូនពេញ ខណ្ឌឬស្សីកែវ បន្តទៅខណ្ឌជ្រោយចង្វា ទើបលោកត្រឡប់មកចាំបញ្ជានៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ។ ក្នុងការចុះពិនិត្យនោះលោកឃួង ស្រេងបានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌ និងកម្លាំងចម្រុះចំណុះឲ្យគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមឱ្យពួកគាត់បង្ហាញ កាតសម្គាល់ខ្លួនដែលចេញដោយក្រុមហ៊ុន រួចអោយពួកគាត់ទៅចុះ និងត្រូវណែនាំឲ្យពួកគាត់បានយល់សេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើមិនចាំបាច់កុំធ្វើដំណើរពេលយប់។
គួរបញ្ជាក់ថា៖ យោងតាមសេចក្ដីរាយការណ៍របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញថា ៖ក្នុងខណ្ឌទាំង១៤ក្នុងមួយខណ្ឌមានដាក់គោលដៅចំនួន២កន្លែង ដែលដឹកនាំដោយអភិបាលខណ្ឌ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗផ្ទាល់តែម្ដង។
ជាក់ស្ដែងនាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអនុវត្តតាម សេចក្ដីសម្រេច ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ដោយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដាក់ចេញ នូវគោលដៅប្រចាំការមាន២គោលដៅ និងកម្លាំងចល័តនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងនោះ ទី១ គោលដៅ វិទ្យាល័យជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅទី៣ ដែលមានលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ ជាប្រធានប្រចាំការ ដែលមានកម្លាំងសរុបចំនួន ២៤នាក់ ។ ទី២ គោលដៅ ក្បែរក្រុមហ៊ុន ហុងដា ផ្លូវចោមចៅ សង្កាត់ចោមចៅទី១ ដែលមានលោក អុិត ជំនិត អភិបាលរងខណ្ឌ ជាប្រធានប្រចាំការ ដែលមានកម្លាំងសរុបចំនួន២៩នាក់
និង កម្លាំងចល័ត ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ដែលមានកម្លាំងសរុប ១៤នាក់ ។ ដោយកម្លាំងទាំងអស់ចុះនៅតាមគោលដៅទាំង២ខាងលើ ចាប់ផ្តើមប្រតិបត្តិការចាប់ពីម៉ោង ២០ (ម្ភៃ) ។
យប់នោះនៅគោលដៅផ្លូវចោមចៅ ឬផ្លូវវេងស្រេង បានដកហូតម៉ូតូចំនួន១៣គ្រឿង មករក្សាទុកជាបណ្តោះ អាសន្ន នៅអធិការនគរបាលខណ្ឌ។ ក្រៅពីនេះ មានតែរថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូត អង្គការ និងបងប្អូនកម្មករ កម្មការិនី ដែលចេញមកពីបំរើការងារ មានកាតនិងលិខិតស្នាមត្រឹមត្រូវ បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា។
ចំណែកនៅក្នុងមូលដ្ឋានខណ្ឌទួលគោកវិញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ក៏បានដាក់គោលដៅ២គោលដៅ ដើម្បី អនុវត្តតាមសេចក្ដីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះដែរ ។ ជាលទ្ធផល ត្រួតពិនិត្យ កម្លាំងបានឃាត់ម៉ូតូបានចំនួន១៦គ្រឿង ឃាត់រថយន្តបានចំនួន៤ គ្រឿង ។ សរុបចំនួន២០ គ្រឿងយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខ ណ្ឌទួលគោកជាបណ្តោះអាសន្ន។
អាជ្ញាធរខណ្ឌឬស្សីកែវ ក្នុងការអនុវត្តការងារដូចគ្នាខាងលើ គឺមិនបានដកហូតមធ្យោបាយមករក្សាទុក និងម្ចាស់យានយន្តមកចត្តាឡីស័កនៅផ្ទះទេ ហើយនៅបណ្តាខណ្ឌផ្សេងៗទៀតក៏មិនបានដកហូតមធ្យោបាយ មករក្សាទុកនិងឱ្យម្ចាស់យានយន្តទៅធ្វចត្តាឡីស័កនៅផ្ទះដែរ គឺកម្លាំងសមត្ថកិច្ច គ្រាន់តែចុះផ្សាយសារាចរណែនាំឱ្យបងប្អូនអនុវត្តវត្តបើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ បើចេញត្រូវមានលិខិតបញ្ជាក់ពីក្រុមហ៊ុនឬស្ថាប័នរបស់ខ្លួន ។ ចំណែករថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យរថយន្តរបស់អង្គទូតអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា។
ចំណែកខណ្ឌដង្កោវិញគណៈបញ្ជាការបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដាក់គោលដៅអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន នូវការធ្វេីចរាចរណ៍ក្នុងភូមិសាស្រ្តខណ្ឌដង្កោ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ២០និង០០នាទី ។
ដោយឡែកគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបន្តចុះល្បាត និងអនុវត្តតាមខ្លឹមសារសេចក្ដីសម្រេចលេខ ០៦៨/២១ សសរ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម នៅក្នុងមូលដ្ឋានខណ្ឌចំការមន៕