អំណោយស័ង្កសី របស់មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១១ខ្នង ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១១ខ្នង ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិតជួរភ្នំដងរែក តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខល៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ ចុះអន្តរាគមន៍ភ្លាមៗ ដោយនាំយកអំណោយស័ង្កសី របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដើម្បីជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញដោយ សហការជាមួយកម្លាំងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ស្នងការនគរបាល អាជ្ញាធរមូលដ្ឋាន រួមគ្នាជួយប្រជាពលរដ្ឋមួយចំនួនទៀត។
សូមបញ្ជាក់ថា៖ អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការត្រៀមលក្ខណៈជាមុន ដើម្បីជួយប្រជាពលរដ្ឋជួបការលំបាកផ្សេងៗ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រោមការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល ដែលក្រៅភារកិច្ចស្នូលនិងប្រតិបត្តិការ បេសកកម្មទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្ដបន្ទាយមានជ័យ គឺបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗផងដែរ៕ សំរិត