ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីទុរយសពង្រាយខ្សែភ្លើងនៅក្នុងផ្ទះ ដើម្បីឲ្យប្រពន្ធដើរជាន់ ឆក់ស្លាប់ ដោយសារតែភ្លើងប្រច័ណ្ឌ និងប្រពន្ធសុំលែង , ប្តីគាំងបេះដូងស្លាប់ ធ្វើបុណ្យរួមគ្នា

42

 

បាត់ដំបង ៖ ស្ត្រីជាប្រពន្ធបានដួលស្លាប់ ក្រោយពីបានដើរជាន់ទៅលើខ្សែភ្លើង ដែលប្តីទុរយសបានដាក់ពង្រាយនៅក្នុងផ្ទះ ដើម្បីឲ្យឆក់ ដោយសារតែភ្លើងប្រច័ណ្ឌ រស់នៅដោយមិនចុះសម្រុងនឹងគ្នា ហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំ និងប៉ូលិសប៉ុស្តិ៍ នៅទីបំផុតប្រពន្ធក៏បានសុំលែង។ឯប្ដីនោះក៏បានគាំងបេះដូងស្លាប់តាមក្រោយប្រពន្ធ។

ភ្ញាក់ផ្អើលនេះបានកើតឡើងនៅ រសៀល ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុចក្បែរស្ពាននាគ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ស្ត្រីវ័យ៣០ឆ្នាំ ម្នាក់ បានដួលស្លាប់បោកទៅនឹងជញ្ជាំងស័ង្កសី យ៉ាងអាណោចអាធ័មក្រោយពីបានដើរជាន់ទៅលើខ្សែភ្លើង ដែលប្តីទុរយសបានដាក់ពង្រាយនៅក្នុងផ្ទះ ដើម្បីឲ្យឆក់យកជីវិតភរិយា ដោយសារតែភ្លើងប្រច័ណ្ឌ ដោយបន្សល់នូវកូនស្រីកំព្រាចំនួន ២ នាក់។

បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ ឯប្រពន្ធដែលស្លាប់ នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ដោយអ្នកទាំង ២ មានកូនស្រី ២ នាក់ ហើយកន្លងមក តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នា ហើយឈានដល់ការប្តឹងទៅអាជ្ញាធរឃុំ និងប៉ូលិសប៉ុស្តិ៍ នៅទីបំផុតប្រពន្ធក៏បានសុំលែងតែម្តង ប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំ គឺបុរសជាប្តីមិនព្រមចូលខ្លួននោះទេ ដោយនៅចិញ្ចឹមចិត្ត រក្សាភ្លើងប្រច័ណ្ឌ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ប្តីតែងដើរផឹកស៊ីស្ទើររាល់ថ្ងៃ និងប្រើប្រាស់គ្រឿងញៀន ពេលត្រឡប់មកដល់ផ្ទះវិញតែងតែ រករឿងប្រពន្ធកូនជាបន្តបន្ទាប់។ ប្រពន្ធអស់ការអត់ធ្មត់សុំ លែងលះគ្នា ហើយក៏បានទៅរស់នៅជាមួយម្តាយជាបណ្តោះអាសន្ននៅក្នុងភូមិបោះពោធិ៍ជាមួយគ្នា។ ក្រោយមកបុរសជាប្តីបានលួចតខ្សែភ្លើងពង្រាយដាក់ កាត់ទទឹងផ្ទះខ្វាត់ខ្វែង។ លុះនៅថ្ងៃកើតហេតុ ប្រពន្ធ បានលបមកយកខោអាវនៅលើផ្ទះដោយទាញជញ្ជាំង ស័ង្កសីលូនចូលក៏ឆក់ស្លាប់តែម្តង។

ប្តីកំណាចបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែន ប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះ ជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះ ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។

សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសជាប្តី ទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីសាកសួរ។ ការឃុំខ្លួននោះធ្វើឡើង មិនបានប៉ុន្មានម៉ោងផង ប្ដីក៏បានគាំងបេះដូងស្លាប់តាមក្រោយប្រពន្ធ។ នគរបាលមូលដ្ឋាន ក៏បានបញ្ជូនសាកសពប្ដីទៅ ប្រគល់ឲ្យសាច់ញាតិដើម្បីធ្វើពិធីបុណ្យរួមជាមួយគ្នាតែម្តងនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង