ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស១៤៣នាក់ ដែលពាក់ព័ន្ធជាមួយ បុរសវិជ្ជមានកូវីដ-១៩ ទទួលលទ្ធផលវិភាគសំណាកអវិជ្ជមានកូវីដ-១៩ ទាំងអស់គ្នា ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ

43

សៀមរាប៖តាមរយៈនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថាអ្នកពាក់ព័ន្ធទាំង ១៤៣នាក់ ដែលបានសម្រាកធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ នៅនឹងកន្លែងកន្លងមកនោះ ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីមន្ទីរសុខាភិបាលខេត្ត បានយកសំណាកទៅធ្វើតេស្ត៤ដង ពុំមានរកឃើញវិជ្ជមានកូវីដ-១៩ នោះឡើយ។ បងប្អូនបញ្ចប់ការធ្វើចត្តាឡីស័កទាំងនោះ រួមមាននៅមន្ទីរសម្រាកព្យាបាល ៧៧៧-សៀមរាប ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ មន្ទីរពហុព្យាបាលសុខភាព នៅភូមិតាភុល សង្កាត់ស្វាយដង្គំ និង បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ នៅភូមិទក្សិណត្បូង និង បន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ស្ថិតនៅភូមិគោកតាចាន់ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប នៅរាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ក្នុងឱកាសចុះផ្ទាល់ ដើម្បីប្រកាសនិងប្រគល់ជូនសេចក្តីជូនដំណឹងខាងលើនេះ នៅមន្ទីរសម្រាកព្យាបាល ៧៧៧ បានបញ្ជាក់បន្ថែមថា សេចក្តីជូនដំណឹងនេះ គឺជាការអនុញ្ញាតិឲ្យអ្នកជាប់ពាក់ព័ន្ធបន្ទាប់ពីបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀតតាមផ្ទះរៀងៗខ្លួន ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការដ៏មានប្រសិទ្ធភាពនៃសម្តេចតេជោ នាយករដ្ឋមន្ត្រី ៣កុំនិង៣ការពារ ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងវារ៉ុសកូវីដ-១៩ក្នុងសហគមន៍យើង។ លោកអភិបាលក្រុង បានបញ្ជាក់ច្បាស់ថា ទីតាំងសម្រាប់ការសម្រាកព្យាបាលឯកជនទាំង៤កន្លែងនេះ ពុំទាន់មានការអនុញ្ញាត ឲ្យបើកដំណើរការនៅឡើយនោះទេ ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩ លើបុរសម្នាក់មានទីលំនៅនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប គាត់បាននាំការចម្លងមកពីខេត្តកណ្តាល ចូលមកទីតាំងសម្រាកព្យាបាលទាំង៤កន្លែងខាងលើ មានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយបុរសវិជ្ជមានកូវីដ-១៩រូបនោះ បន្ទាប់ពីរកឃើញដូចនេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ចេញនូវវិធានការបិទទីតាំងទាំងនោះមិនឲ្យដំណើរការ និងដាក់អ្នកពាក់ព័ន្ធធ្វើចត្តាឡីស័ក ក្នុងទីតាំងសម្រាកព្យាបាលនោះតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ -១៩ ក្នុងខេត្តសៀមរាប ព្រោះករណីនេះ ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ឹង ហេង ម្ចាស់មន្ទីរសម្រាកព្យាបាល ៧៧៧ បានឱ្យដឹងថា ក្នុងរយៈពេលធ្វើ ចត្តាឡីស័ក១៤ថ្ងៃនេះ បងប្អូនដែលបានធ្វើចត្តាឡីស័កនៅទីនេះ មិនបានគិតប្រាក់ថ្ងៃឈ្មួលស្នាក់នៅឡើយ គឺយើងត្រូវចេះជួយគ្នាក្នុងគ្រាលំបាក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនក៏ដូចជាសាធារណជនទាំងអស់សូមចូលរួមទប់ស្កាត់ការរីករាដលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរវស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្ត ៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន។
ចូមរួមអនុវត្តវិធានការ_៣ការពារ_៣កុំ
ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង