នគរបាលបញ្ជាក់ ពីការស្លាប់ជនដៃដល់ ករណីប្តីរាយខ្សែអគ្គិសនីដែលមានចរន្ត នៅក្នុងលំនៅដ្ឋានធ្វើឱ្យឆ្លងចរន្តបណ្តាលឱ្យស្លាប់ប្រពន្ធរបស់ខ្លួន
បាត់ដំបង ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូន សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២១ នេះមានគណនីហ្វេសប៊ុកឈ្មោះ Dara khan បានផ្សព្វផ្សាយរូបភាពនិងសរសេរខ្លឹមសារចោទប្រកាន់ទៅលើសមត្ថកិច្ចនគរបាល ទាក់ទងនឹងការស្លាប់របស់ឈ្មោះពេជ្រ ធារ៉េត ហៅស្នា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុក សង្កែ ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង០០នាទី មានករណីប្តីរាយខ្សែអគ្គិសនីដែលមានចរន្ត នៅក្នុងលំនៅដ្ឋានធ្វើឱ្យឆ្លងចរន្តបណ្តាលឱ្យស្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ ខណៈដែលប្រពន្ធគាត់ឡើងទៅខាងលើផ្ទះនេះ។
ក្នុងពេលកើតហេតុភ្លាមៗ ប្តីដែលជាជនស័ង្ស យ ក្នុងករណីនេះបានមកដល់ទីកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅទី នោះឃាត់ខ្លួន ហើយបន្ទាប់មកបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។
ក្នុងពេលសាកសួរស្រាវជ្រាវនេះ ជនសង័្សយបានឆ្លើយសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្តសកម្មភាពរាយខ្សែ អគ្គិសនីដែលមានចរន្ត នៅ លើផ្ទះក្នុងបំណងឱ្យឆក់សម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារតែរឿងប្រច័ណ្ឌ ហើយក្នុងអំឡុង ពេលចុងក្រោយនេះគឺរូបគាត់ត្រូវបានប្រពន្ធប្តឹងសុំលែងលះទៀតផង ។ ពេលជាមួយគ្នានេះ គាត់ក៏បានសារភាពថា រូបគាត់ជាអ្នកប្រើប្រាស់គ្រឿងញៀនជាប់ប្រចាំផងដែរ ជាក់ស្តែងក្នុងថ្ងៃកើតហេតុរូបគាត់បានប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ដល់ចំនួ ន ០២លើកក្នុងចន្លោះពេលតែជាងមួយម៉ោងប៉ុណ្ណោះ ហើយក្នុងពេលសាកសួរនេះ សមត្ថកិច្ចក៏បានកត់សម្គាល់ឃើញស្ថានភាពគាត់មានសភាពដូចគ្នា នឹងអ្នកប្រើប្រាស់គ្រឿងញៀនជោកជាំនាពេលកន្លងមកដូច្នេះដែរ។
ក្រោយការសារសួររួចសមត្ថកិច្ចនគរបាលបាន នាំរូបគាត់ទៅកាន់បន្ទប់ឃាត់ខ្លួន ហើយក្នុងពេលនោះរូបគាត់បាន ស្រែកឡូឡា ដោយស្មារតីមិនប្រក្រតី និងបន្តិចក្រោយមកក៏ស្ងាត់សម្លេងឡូឡារបស់គាត់ ដូច្នេះនគរបាលបានដើរទៅមើលក៏ឃើញរូបគាត់លែងនិយាយស្តី ហេីយក្នុងស្ថានភាព ឡេះឡះក្នុងខ្លួន ដោយឃើញស្ថានភាពបែបនេះ សមត្ថកិច្ចនគរបាលបានយករថយន្ត នាំបញ្ជូនគាត់ទៅសង្រ្គោះនៅមន្ទីរពេទ្យ តែដោយ សារស្ថានធ្ងន់ធ្ងររូបគាត់បានស្លាប់នៅតាមផ្លូវបាត់ ទៅហើយ។
នៅព្រឹកថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០២១តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានដឹក នាំបង្កើតគណៈកម្មាការធ្វើកោសល្យវិច្ឆ័យចំ ពោះសាកសពរបស់គាត់ ដោយមានសមាស ភាពចូលរួម ពីគ្រូពេទ្យ មន្រ្តីនគរបាលការិយា ល័យបច្ចេកទេសវិទ្យាសាស្រ្ត មន្ត្រីនគរបាលមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធរួមទាំងក្រុមគ្រួសាររបស់គាត់ផង ហើយលទ្ធផលនៃការវាយតម្លៃសន្និដ្ឋានពីគណៈកម្មាការកោសល្យវិច្ឆ័យ នេះ បានសន្និដ្ឋានថា បុរសឈ្មោះ ពេជ្រ ធារ៉េត ហៅស្នា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុក សង្កែ ខេត្តបាត់ដំបង ពិតជាស្លាប់ដោយគាំងបេះដូង “ប្រើប្រាស់សារធាតុញៀនហួសកម្រិត” ។
ផ្អែកតាមលទ្ធផលខាងលើក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមធ្វើការបដិសេធ ចោលទាំងស្រុងចំពោះ ខ្លឹមសារដែលបានផ្សព្វផ្សាយដោយម្ចាស់គណនី ហ្វេស ប៊ុកខាងលើ ដែលជាក់ស្តែងការផ្សព្វ ផ្សាយរបស់ម្ចាស់គណនីខាងលើគឺជាចេតនាដេីម្បីបំពុលបរិយាកាសសង្គម និងទម្លាក់កំហុសដោយចេតនាទុច្ចរិតមកលើសមត្ថកិច្ចនគរបាលតែប៉ុណ្ណោះ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម កុំមានការភ័ន្តច្រឡំ និងសូមមេត្តាចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត ៕